ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែមេសានេះ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានកត់សម្គាល់ឃើញថា នៅតាមបណ្តាហាង និងផ្សារនានាក្នុងរាជធានីភ្នំពេញ ដូចជាផ្សារធំថ្មី ផ្សារអូរឬស្សី និងផ្សារកណ្តាលជាដើម ឃើញមានអាជីវករមួយចំនួនតូចនៅតែបន្តបើកលក់ជាធម្មតា ខណៈមួយចំនួនធំផ្សេងទៀតឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំនេះ។
ជួបសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី និងក្រុមអាជីវករផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ ពួកគាត់បានលើកឡើងស្រដៀងគ្នាថា រាល់ពិធីបុណ្យជាតិ បុណ្យទាននានា និងទោះបីជាបុណ្យចូលឆ្នាំខ្មែរ ខកខានរៀបចំពិធីរយៈពេល ២ឆ្នាំយ៉ាងណាក៏ដោយ ក៏កម្រនឹងបិទតូបណាស់ ដោយសារថ្ងៃទាំងនោះ អាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតា។
លោក យស សុក្រា ពលរដ្ឋរស់នៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យប៊ីធីវី ដឹងថា ទោះបីជាបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានការរៀបចំពិធីសង្រ្កាន្ដនៅតាមបណ្តាខេត្ត និងបើកទេសចរណ៍ទូលាយឡើងវិញក៏ដោយ ក៏រូបលោកមិនគម្រោងចង់ទៅទីណាទេ ដោយសារចង់ឈប់សម្រាកក្រោយនឿយហត់ពីការងារ និងជួបជុំគ្រួសារនៅផ្ទះ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខកខានឲ្យមានរៀបចំពិធីរយៈពេល ២ឆ្នាំហើយ (២០២០និង២០២១) ដោយសារវិបត្តិសលកកូវីដ១៩។ បន្ទាប់នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកឲ្យរៀបចំពិធីនានាឡើងវិញនៅទូទាំងប្រទេស ខណៈការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយ និងខណៈប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការកូវីដគ្រប់ៗគ្នា រហូតដល់ដូសទី៣ ឬដូសជំរុញ៕ អត្ថបទ៖ ឈិត បូរ៉ាវី