ប្រជាជន និងអ្នកជួយសង្គ្រោះ នៅតំបន់ហ្កាហ្សា បានសួរអំពីជោគវាសនានៃបទឈប់បាញ់ដ៏ផុយស្រួយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានឆេះបំផ្លាញអគារលំនៅឋានមួយកន្លែងនៅក្នុងទីក្រុងហ្កាហ្សាកាលពីយប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ដោយបានបន្សល់ទុកមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស ហើយមនុស្សជាច្រើននាក់ទៀតត្រូវបានគេបារម្ភថា ជាប់នៅក្រោមគំនរបាក់បែក។
សាក្សី បាននិយាយថា «យើងកំពុងស្នាក់នៅក្នុងតំបន់លំនៅឋានជាមួយកុមារ និងស្ត្រីច្រើននាក់។ កន្លែងនោះត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយមីស៊ីល អគ្គិភ័យបានវាយប្រហារទីតាំងនោះ។ អ្នករងរបួសបានស្ថិតនៅតាមដងផ្លូវ ជាហេតុការណ៍ដ៏គួរឱ្យភ័យខ្លាច»។ សាក្សី បានសួរអំពីភាពត្រឹមត្រូវនៃបទឈប់បាញ់ ដោយបាននិយាយថា «ពួកយើងស្លាប់ជារៀងរាល់ថ្ងៃ។
ក្រុមគ្រូពេទ្យសង្គ្រោះបឋមតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន៧នាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ ហើយមនុស្សរាប់សិបនាក់ផ្សែងទៀតបានរងរបួស។ ការវាយប្រហារបានធ្លាក់ទៅលើអគារលំនៅឋានមួយកន្លែង និងយានយន្តជាច្រើនគ្រឿងនៅក្បែរនោះ។
អ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅលើលោក Izz al-Din al-Haddad ប្រធានស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ដោយហៅលោកថាជាឥស្សរជនសំខាន់ម្នាក់នៅពីក្រោយការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល។ គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ ថាតើលោកត្រូវបានសម្លាប់ ឬយ៉ាងណានោះ ខណៈក្រុមហាម៉ាស ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗ។

