មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រារព្ធកម្មវិធីបោះជំរំក្រុមប្រឹក្សាយុវជនកម្ពុជា ថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីសាមគ្គីភាពក្នុងចំណោមយុវសិស្ស រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិដំណាក់ដំរី ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ដោយបានការអនុញ្ញាតពីលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំដឹកនាំធ្វើការបោះជំរំក្រុមប្រឹក្សាយុវជនកម្ពុជា ថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ក្រោមប្រធានបទ «យុវសហគ្រិនទេសចរណ៍ និងបរិស្ថានធម្មជាតិ» មានសមាសភាពចូលរួមពីក្រុមប្រឹក្សាយុវជនកម្ពុជាមកពីវិទ្យាល័យទាំង៤០ ចំនួន២៥០នាក់, យុវជនស្ម័គ្រចិត្តចំនួន៤០នាក់, ក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធិចំនួន១៥នាក់,ក្រុមកាយរឹទ្ធិរៀមច្បងចំនួន៥នាក់, ក្រុមការងារការិយាល័យយុវជនចំនួន៧នាក់
សរុបរួមចំនួន៣១៣នាក់។
លោក ង៉ែត ចាន់សុខ បន្តថា ការបោះជំរំយុវជនកម្ពុជា គឺជាសកម្មភាពអប់រំក្រៅម៉ោងសិក្សាដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើងជាញឹកញាប់នៅតាមតំបន់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការបោះជំរំយុវជនក្រុមប្រឹក្សាយុវជនកម្ពុជារាជធានីភ្នំពេញ ដែលមានគោលបំណងលើកកម្ពស់សក្តានុពលយុវជនកម្មវិធីទាំងនេះបានរៀបចំឡើងដោយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យយុវជនមានសកម្មភាពក្នុងសង្គម។ ខាងក្រោមនេះគឺជាចំណុច សំខាន់ៗអំពីការបោះជំរំក្រុមប្រឹក្សាយុវជនកម្ពុជា។ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យយុវជនជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ បណ្តុះស្មារតីសាមគ្គីភាព ស្មារតីស្នេហាជាតិ ស្រលាញ់សន្តិភាព ការពារបូរណភាពទឹកដី ការស្វែងយល់ពីវប្បធម៌ និងបរិស្ថានធម្មជាតិ ការងារជាក្រុម និងរៀនរស់នៅដោយឯករាជ្យ ។
សកម្មភាពនានា នៃកម្មវិធីបើកការបោះជំរំការដុតភ្លើងគប់ ការពិភាក្សាលើប្រធានបទ «យុវសហគ្រិនទេសចរណ៍ និងបរិស្ថានធម្មជាតិ» ស្វែងយល់អំពីគន្លងអាជីព ភាពជាអ្នកដឹកនាំ ការអប់រំតាមបែបព្រះពុទ្ធសាសនា កម្មវិធីអប់រំចិត្ត (សមាធិ) ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ស្វ័យគ្រប់គ្រងកម្មវិធីរុករក ស្វ័យរបាយការណ៍ និងការចែករំលែកអំពីបទពិសោធន៍នៃសកម្មភាព កម្មវិធីសម្តែងសិល្បៈ និងរាំកម្សាន្ត។
អត្ថប្រយោជន៍៖ ដើម្បីលើកកម្ពស់ការយល់ដឹង បំណិនជីវិត បណ្តុះស្មារតីសាមគ្គីភាព ចេះរស់នៅជាក្រុម ស្រលាញ់ការសិក្សា បរិស្ថានសហគ្រិនភាព វិជ្ជាជីវៈ យុវជនទទួលបានចំណេះដឹងថ្មីៗ បង្កើតបណ្តាញទំនាក់ទំនង និងពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ក្លាយជាយុវជនសកល និងជាពលរដ្ឋល្អ ពលរដ្ឋសកម្មនាយុគសម័យ ឌីជីថល ក្នុងបរិបទនៃបរិវត្តកម្ម អេអាយ (AI)៕អត្ថបទ រដ្ឋា







