ប្រតិភូក្រសួងកសិកម្ម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវ និងកាប្រើប្រាស់សមិទ្ធផលគម្រោងឲ្យបានចំគោលដៅ សម្រេចបានលទ្ធផលល្អ នៅខេត្តត្បូងឃ្មុំ។
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) អមដំណើរដោយលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ និងមន្ត្រីអនុវត្តកម្មវិធី ASPIRE-AT និងគម្រោងCFAVC បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនិងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវ និងកាប្រើប្រាស់សមិទ្ធផលគម្រោងឲ្យបានចំគោលដៅ សម្រេចបានលទ្ធផលល្អប្រសើរ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកសិកររុងរឿង ដែលទទួលផលពីគម្រោង និងបានដាំដុះលើដីស្រែបង្ហាញការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ គាំទ្រពីគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម ចំនួន៥០គ្រួសារ ក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម មាស ពិសិដ្ឋ មានប្រសាសន៍ទៅកាន់ប្រជាកសិករទាំងនោះថា ការទទួលបានការកៀរពង្រាបដីដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម នៅពេលនេះ ធ្វើការដាំដុះស្របតាមបទដ្ឋានបច្ចេកទេស និងចូលរួមអនុវត្តយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម ទិញធាតុចូលរួម អនុវត្តបទដ្ឋានបច្ចេកទេសដូចគ្នា លក់ទៅកាន់អ្នកប្រមូលទិញរួមគ្នា ដើម្បីទទួលបានស្រូវដែលមានបរិមាណ គុណភាព សុវត្ថិភាពសម្រាប់ឆ្លើយតបតម្រូវការរបស់ទីភ្សារ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំទទួលបានការអនុវត្តកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរជូនសមាជិកសហគមន៍កសិកម្មលើផ្ទៃដីចំនួន៥៥០,៥៧ហិកតា នៅក្នុងឃុំតំបែរ ស្រុកតំបែរ ឃុំកក់ ស្រុកពញាក្រែក ឃុំឈូក ស្រុកក្រូចឆ្មារ និងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដែលមានគ្រួសារទទួលផលចំនួន ៩៧៧គ្រួសារ។ គុណសម្បត្តិដីស្រែរាបស្មើក្នុងផលិតកម្មស្រូវ ជាពិសេសស្រូវអាយុកាលខ្លី មានដូចជា៖ កាត់បន្ថយបរិមាណទឹកស្រោចស្រព រហូតដល់៣០ភាគរយ។ធ្វើឱ្យប្រសើរឡើងដល់បច្ចេកទេសដាំដុះ សម្រាប់ម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្ម មុនពេល និងក្រោយពេលប្រមូលផល។ កាត់បន្ថយបញ្ហាស្មៅរហូតដល់៤០ភាគរយ។ កាត់បន្ថយការបាត់បង់ពេលប្រមូលផល។ ធ្វើឱ្យគ្រាប់ស្រូវមានទម្រង់នឹង ទំហំដូចគ្នា នៅដំណាក់កាលទុំ និងបង្កើនទិន្នផលស្រូវ២៤ភាគរយ ឬស្មើ៥៣០គ.ក្រ/ហិកតា៕




