នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់យុវជនគណបក្សខេត្តចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។
ឯកឧត្តម សុខ លូ បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបងដែលតែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
ក្នុងឱកាសនោះ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់ ត្រូវខិតខំដាំដុះបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែម។
ឯកឧត្តម បានថ្លែងការកោតសរសើរដល់មន្រ្តីជំនាញ និងកងកម្លាំងដែលបានខិតខំប្រឹងប្រែងថែរក្សាការពារធនធានធម្មជាតិ និងព្រៃឈើលិចទឹក។
ឯកឧត្តម ក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។
ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋត្រូវបន្តមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕




