តាកែវ៖ ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនថាប្រទេសណា ជាប្រទេសណាទេ ដើម្បីអភិវឌ្ឍន៍ឱ្យរីកចំរើនទៅបាន លុះត្រាប្រទេសមួយ នោះមានសុខសន្តិភាពពេញលេញ ហើយក៏ត្រូវមានមេដឹកនាំល្អផងដែរ។
ថ្លែងក្នុងពិធីសង្កា្រន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ឈានចូល ព.ស ២៥៦៦ នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ឯកឧត្តម ឧកញ៉ា សំ ប៊ន មានប្រសាសន៍ថា កម្ពុជា ក្រោយការបញ្ចប់សង្គ្រាម និងមានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាដែលធ្លាប់ជាប្រទេសក្រីក្រ ក្លាយជាប្រទេសកំពុង អភិវឌ្ឍន៍។
ឯកឧត្តម បន្តថា សង្គ្រាមនៅកម្ពុជាកាលពីអតីតកាល កុំថាឡើយកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសបាន សូម្បីតែការរស់នៅរបស់ប្រជាពលរដ្ឋក៏មិនបានស្រួលផង។ សង្គ្រាមបានធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ របួស ពិការ ព្រាត់ប្រាស់ក្រុមគ្រួសារ រស់នៅក្នុងភាពក្រីក្រ លំបាក តោកយ៉ាក ។
ឯកឧត្តមបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវតែដឹងពីគុណ តម្លៃនៃសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ ពិសេសមានមេដឹកនាំល្អ ទើបយើងមានទាំងសន្តិភាពផង មានទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះផងដែរ»៕



