ក្រុម AOT បន្តចុះពិនិត្យផ្ទាល់ទីតាំងយោធាថៃកាន់កាប់ទឹកដីខ្មែរខុសច្បាប់ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់

2026/05/18 11:44:05 am        90

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ គឺបានគូសបញ្ជាក់ពីភាពចាំបាច់ និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា បន្ទាប់ពីបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅប្រាសាទព្រះវិហារ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព នៅក្នុងតំបន់ភូមិជោគ​ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​ដែល​យោធាថៃបានបើកការវាយប្រហារដោយកម្លាំង និងបន្ទាប់មក​បាន​រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់ដោយបានរារាំងពលរដ្ឋខ្មែរជាច្រើនគ្រួសារមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។បេសកកម្មរបស់ AOT នៅតំបន់ព្រំដែនគឺដើម្បីពិនិត្យលើការគោរពនិងការអនុវត្តបទឈប់បាញ់ និងវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

ឯកឧត្តមបានថ្លែងថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

នៅថ្ងៃដដែលនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួល​របស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋកម្ពុជាបង្កបង្កើនផល និងអាស្រ័យផលជាយូរមកហើយ។ ទីតាំងនោះក៏ត្រូវបានកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ជាថ្មីថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងគឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)​។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះឡើយ។ ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ (JSTs) ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគី​ទាំងពីរ។

អ្នកនាំពាក្យបញ្ជាក់បន្ថែម កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងផែនទី ដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកំណត់ហេតុកិច្ចប្រជុំនិងកំណត់​ហេតុបោះបង្គោល​របស់គណៈកម្មការឥណ្ឌូចិន-សៀម ក៏ដូចជាកំណត់ហេតុរបស់គណៈកម្មការ JBC, MOU 2000 និងTOR 2003 ជាដើម។ លើសពីនេះ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។ កម្ពុជាជំរុញឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារ ព្រមទាំងស្នើរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា​ រាជរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពនិងស្ថិរភាពយូរអង្វែង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនថា ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី​(កម្ពុជា ហ្វីលីពីន និងថៃ) នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុង​នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌ​សីមា​ព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយគ្មានការពន្យារពេលបន្តទៀត​​៕

 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល
2026/05/18 12:10:30 pm        1
ព្រឹកនេះ គណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម
2026/05/18 11:49:43 am        1
ក្រុម AOT បន្តចុះពិនិត្យផ្ទាល់ទីតាំងយោធាថៃកាន់កាប់ទឹកដីខ្មែរខុសច្បាប់ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់
2026/05/18 11:44:05 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Inter Milan អបអរដង្ហែពានពានក្នុងស្រុកពីរនៅទីក្រុង Milan

2026/05/18 12:22:24 pm
​មេដឹកនាំ​កំពូលកូរ៉េខាងជើង អំពាវនាវធ្វើឱ្យព្រំដែនជាមួយកូរ៉េខាងត្បូងក្លាយជាបន្ទាយដ៏រឹងមាំដើម្បី​​ទប់ស្កាត់សង្គ្រាម​
2026/05/18 12:17:18 pm
​តេជោលីគ លើកទី៣ បើកការប្រកួតផ្លូវការ ខណៈស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខ
2026/05/18 12:14:05 pm
​[UPDATE] មនុស្ស២​នាក់ស្លាប់ ម្នាក់បាត់ខ្លួន​ អគារដួលរលំ​ និង​រាប់ពាន់នាក់ត្រូវបាន​ជម្លៀស ​ក្នុង​គ្រោះរញ្ជួយដី​ភាគនិរតីប្រទេសចិន
2026/05/18 12:13:44 pm
​រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល
2026/05/18 12:10:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/17 08:08:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am