រញ្ជួយដីកម្រិត ៥,២ រ៉ិចទ័រនៅតំបន់ Guangxi ភាគនិរតីប្រទេសចិននៅព្រឹកថ្ងៃចន្ទ ១៨ ឧសភានេះ បានសម្លាប់មនុស្សពីរនាក់ និងបង្ខំឱ្យមនុស្សជាង ៧.០០០ នាក់នៅក្នុងទីក្រុង Liuzhou ជម្លៀសចេញពីលំនៅឋាន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយក្រុមអាជ្ញាធរព្រមានអំពីការរំខានដល់ការដឹកជញ្ជូន។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CCTV និងទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua មានអ្នកស្លាប់ពីរនាក់ដែលបានបញ្ជាក់ និងម្នាក់នៅតែបាត់ខ្លួន ហើយមនុស្សបួននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទោះបីជាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានរបួសគំរាមកំហែងដល់អាយុជីវិតក៏ដោយ ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ដដែល បានឲ្យដឹងថា អគារចំនួន ១៣កន្លែង បានដួលរលំនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ។
ក្រុមអាជ្ញាធរផ្លូវដែកក៏បានព្រមានពីការរំខានដល់ការដឹកជញ្ជូនផងដែរ ខណៈពួកគេបានត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើបានរាយការណ៍ថា ប្រព័ន្ធទូរគមនាគមន៍ និងបណ្ដាញអគ្គិសនី ការផ្គត់ផ្គង់ទឹក និងឧស្ម័ន និងចរាចរណ៍នៅក្នុងតំបន់ដែលរងផលប៉ះពាល់ កំពុងដំណើរការធម្មតា៕