ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងថា នៅថ្ងៃនេះ បន្ទាប់ពីក្រុមការងារបានធ្វើការទំនាក់ទំនងជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ ថ្ងៃនេះឯកឧត្តម បានខលដើម្បីសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រីផ្ទាល់។
ឯកឧត្តម បានថ្លែងថា ក្នុងនោះប្អូន (ប្អូនស្រី ម៉ូវ សុផាន់) បានឆ្លើយតបដោយរៀបរាប់ថា ពីដើមទីមកមានអាការៈខ្លះដែរ តែពុំសូវជាបានចាប់អារម្មណ៍ និងតាមដានឱ្យបានដិតដល់ ប៉ុន្តែលុះដល់ប្រហែលរយៈពេល២ខែចុងក្រោយនេះ អាការៈមានការវិវត្ត ហើយបន្ទាប់ពីបានជួបពិនិត្យជាមួយគ្រូពេទ្យ ទើបបានដឹងច្បាស់ពី ស្ថានភាពជំងឺជាក់ស្តែងស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ន។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖«ដូចដែល សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច នឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុងដល់ប្អូនស្រី រូបខ្ញុំផ្ទាល់រួមនឹងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលរបស់ប្អូនស្រី»។
សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានងំពីជំងឺរបស់អ្នកគ្រូបង្រៀន ភ្លាមៗកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានប្រកាសទទួលរ៉ាប់រងក្នុងជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយនេះ៕



