ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងជាបេសកជនពេញសមត្ថភាពប្រធានាធិបតីប្រចាំតំបន់សហព័ន្ធចុងបូព៌ា លោក Yury Trutnev បាននិយាយថា លោកមានមិត្តភក្តិល្អៗ និងអស្ចារ្យជាច្រើន នៅក្នុងប្រទេសចិន។

មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះ បានប្រាប់សារព័ត៌មាន TASS ថា៖«ដូចជនជាតិរុស្ស៊ីជាច្រើននាក់ផ្សេងទៀតដែរ ខ្ញុំអាចនិយាយបានថា ខ្ញុំមានមនុស្សស្គាល់គ្នា និងមិត្តភក្តិនៅក្នុងប្រទេសចិន។ នៅពេលណាដែលពាក្យ «ចិន» ត្រូវបានលើកឡើង ខ្ញុំមិនត្រឹមតែគិតដល់តួលេខសេដ្ឋកិច្ច និងគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតដល់មនុស្សផងដែរ។ ខ្ញុំនឹងមិនផ្តល់ឈ្មោះជាក់លាក់ទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា ពួកគេជាមនុស្សល្អៗ និងអស្ចារ្យ»។
លោក Trutnev បានកត់សម្គាល់ថា ដំណើរការនៃទំនាក់ទំនងនយោបាយរវាងរុស្ស៊ី និងចិន ត្រូវបានកំណត់ដោយមេដឹកនាំប្រទេសទាំងពីរ។ «តំបន់របស់យើង គឺជាប្រទេសជិតខាង ហើយដំណើរការដ៏ទូលំទូលាយនៃទំនាក់ទំនងនយោបាយ ត្រូវបានកំណត់ដោយមេដឹកនាំប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ ពុំអាចនិយាយបានថា ទំនាក់ទំនងទាំងនេះ ត្រូវបានបង្កើតឡើងរវាងមនុស្សជាក់លាក់នោះទេ»៕
