ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការព្រមានថ្មីមួយទៅកាន់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែឧសភា ឆ្នាំ២០២៦) ដោយនិយាយថា ប្រទេសនេះត្រូវតែចាត់វិធានការឲ្យបានឆាប់រហ័សឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ឬបើមិនដូច្នោះទេ «ពួកគេនឹងមិនមានអ្វីនៅសល់ឡើយ»។

ទីក្រុងវ៉ាស៊ីនតោន ដែលជាប់នៅក្នុងជម្លោះជាមួយទីក្រុងតេអេរ៉ង់ ចាប់តាំងពីកងកម្លាំងអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏ធំ លើសាធារណរដ្ឋឥស្លាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានជួបការលំបាកក្នុងការបំបែកភាពជាប់គាំង និងឈានទៅរកវឌ្ឍនភាពណាមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែលបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ារង្គោះរង្គើ និងតម្លៃថាមពលហក់ឡើង។
លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងអស់ទៅៗហើយ ហើយពួកគេគួរតែចាត់វិធានការឲ្យបានលឿន ឬបើមិនដូច្នេះទេ ពួកគេនឹងមិនមានអ្វីនៅសល់ទៀតឡើយ។ ពេលវេលាគឺជារឿងសំខាន់ណាស់!»។
គួរបញ្ជាក់ថា សង្គ្រាមនេះបាននាំឲ្យមានការបិទច្រកសមុទ្រដ៏សំខាន់ គឺ Hormuz ដែលប្រហែល ២០ភាគរយនៃការនាំចេញប្រេងសកលឆ្លងកាត់ ក្នុងពេលមានសន្តិភាព ហើយបានទាញប្រទេសជិតខាង គឺអ៊ីស្រាអែល និងលីបង់ ចូលទៅក្នុងជម្លោះដ៏អាក្រក់មួយ។
ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់បានយល់ព្រមឈានដល់បទឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ប៉ុន្តែការចរចាសន្តិភាព បានជាប់គាំង ហើយការវាយប្រហារម្តងម្កាលនៅតែបន្តកើតមាន។ នៅថ្ងៃទី១៧ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបរាជ័យក្នុងការធ្វើសម្បទានជាក់ស្តែងណាមួយ នៅក្នុងការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបៀបវារៈដែលបានស្នើឡើងដោយអ៊ីរ៉ង់ សម្រាប់ការចរចា ដើម្បីបញ្ចប់សង្គ្រាម៕

