អ៊ីរ៉ង់បានគំរាមកាលពីថ្ងៃអាទិត្យ (ទី១៧ ខែឧសភា ឆ្នា២០២៦) ថា នឹងតទល់ជាមួយសហរដ្ឋអាមេរិក ជុំវិញការបិទខ្ទប់ផ្លូវទឹករបស់ខ្លួន ដោយទីប្រឹក្សាយោធាជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់ប្រទេសនេះ បានព្រមានថា សមុទ្រអូម៉ង់អាចក្លាយជា «ទីស្មសាន» សម្រាប់នាវាអាមេរិក ប្រសិនបើភាពតានតឹងនៅតែបន្តកើនឡើង។
នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ សមាជិកក្រុមប្រឹក្សាវិនិច្ឆ័យភាពត្រឹមត្រូវរបស់អ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ទោ Mohsen Rezaei បាននិយាយថា៖ «ដំបូន្មានរបស់ខ្ញុំចំពោះយោធាសហរដ្ឋអាមេរិក គឺត្រូវដកចេញ មុនពេលឈូងសមុទ្រអូម៉ង់ប្រែក្លាយទៅជាទីស្មសាន សម្រាប់នាវារបស់អ្នក។ បើមិនដូច្នោះទេ ការយល់ឃើញរបស់យើង គឺថា ការបិទផ្លូវទឹក គឺជាវិធានការនៃការធ្វើសង្គ្រាម ហើយការឆ្លើយតបទៅនឹងទង្វើនេះ គឺជាសិទ្ធិធម្មជាតិរបស់យើង»។

លោក Rezaei បានលើកឡើងទៀតថា ការអត់ធ្មត់របស់អ៊ីរ៉ង់មិនគួរត្រូវបានយកទៅបកស្រាយថា ជាការព្រមទទួលយកសម្ពាធ ឬការគំរាមកំហែងនោះឡើយ។ លោកបានបន្ថែមថា «ប្រសិនបើយើងអត់ធ្មត់រហូតមកដល់ពេលនេះ វាមិនមានន័យថា យើងបានព្រមទទួលយកវានោះទេ»។
ជាមួយគ្នានេះ លោកក៏បានចោទសួរអំពីហេតុផលនៅពីក្រោយវត្តមានយោធាអាមេរិកជាបន្តបន្ទាប់ នៅក្នុងឈូងសមុទ្រ ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោនលែងមានហេតុផលដែលខ្លួនធ្លាប់ប្រើ ដើម្បីបន្តរក្សាតួនាទីរបស់ខ្លួន នៅក្នុងតំបន់ទៀតហើយ។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឲ្យមានការវាយប្រហារសងសឹកដោយទីក្រុងតេអេរ៉ង់ និងការរំខាននៅច្រកសមុទ្រ Hormuz។ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា សហរដ្ឋអាមេរិកបានអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹកដែលកំណត់គោលដៅចរាចរណ៍ផ្លូវទឹកអ៊ីរ៉ង់ នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ៕

