ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានឈានដល់កិច្ចព្រមព្រៀងជាបន្តបន្ទាប់ ក្នុងសប្តាហ៍នេះ ដែលមានគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងស្ថិរភាព ក្នុងអំឡុងពេលមេដឹកាំអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា មេដឹកនាំទាំង២ បានឯកភាពគ្នាថា សហរដ្ឋអាមេរិក និងចិន គួរតែបន្តអ្វីដែលពួកលោកបានពិពណ៌នាថា ជាទំនាក់ទំនងប្រកបដោយការស្ថាបនា ដោយផ្អែកលើស្ថិរភាពជាយុទ្ធសាស្ត្រ យុត្តិធម៌ និងបដិការ។

លោក Trump ត្រូវបានគេរំពឹងថា នឹងស្វាគមន៍លោក Xi នៅទីក្រុងវ៉ាស៊ីនតោន នារដូវស្លឹកឈើជ្រុះនេះ ខណៈដែលរដ្ឋាភិបាលទាំង២ បានបញ្ជាក់ថា ពួកលោកនឹងគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 (ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០) និង APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) នៅចុងឆ្នាំនេះ។ កិច្ចពិភាក្សារបស់មេដឹកនាំនៃប្រទេសមហាអំណាចទាំង២ ក៏បានគ្របដណ្តប់លើបញ្ហាសន្តិសុខអន្តរជាតិសំខាន់ៗផងដែរ។
ជាងនេះទៀត បើយោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ បានឲ្យដឹងទៀតថា លោក Trump និងលោក Xi បានឯកភាពគ្នាថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ ហើយបានអំពាវនាវឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយលើកឡើងថា គ្មានប្រទេស ឬអង្គការណាមួយគួរតែត្រូវបានអនុញ្ញាតឲ្យយកថ្លៃសេវានៅទីនោះឡើយ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ជាមួយគ្នានេះ មេដឹកនាំទាំង២ ក៏បានបញ្ជាក់ជាថ្មីផងដែរនូវគោលដៅរួមនៃការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ហើយតាមរយៈសេចក្ដីថ្លែងការណ៍នេះ សេតវិមានបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្កើតស្ថាប័នទ្វេភាគីថ្មីចំនួន២ គឺក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន និងក្រុមប្រឹក្សាវិនិយោគសហរដ្ឋអាមេរិក-ចិន៕


