នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែឧសភា ឆ្នាំ២០២៦) ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី១៧ ខែឧសភា ហើយបានពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក-ចិន។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានបញ្ជាក់ថា លោក Trump បានចែករំលែកជាមួយលោក Lee នូវលទ្ធផលនៃកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីចិន លោក Xi Jinping ដែលរួមមានទំនាក់ទំនងអាមេរិក-ចិន កិច្ចព្រមព្រៀងលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកិច្ចការកូរ៉េ ក៏ដូចជាស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា។

ការិយាល័យនេះបានឲ្យដឹងទៀតថា ប្រធានាធិបតីកូរ៉េបានយល់ឃើញថា លោក Trump និងលោក Xi មានការពិភាក្សាប្រកបដោយការស្ថាបនា ជុំវិញកិច្ចការ នៅឧបទ្វីបកូរ៉េ។ ហើយយោងតាមការិយាល័យ Blue House បានបន្ថែមថា លោក Trump បានប្រាប់លោក Lee ថា ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង។
ចំណែកលោក Lee បានប្រាប់លោក Trump ថា ការគ្រប់គ្រងប្រកបដោយស្ថិរភាពនៃទំនាក់ទំនងអាមេរិក-ចិន នឹងរួមចំណែកដល់សន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ លោកក៏បានសម្តែងក្តីសង្ឃឹមរបស់លោកផងដែរ ចំពោះលោក Trump សម្រាប់ការស្តារសន្តិភាព និងស្ថិរភាពឡើងវិញភ្លាមៗ នៅតំបន់មជ្ឈិមបូព៌ា។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា មេដឹកនាំទាំង២ ក៏បានពិភាក្សាផងដែរ អំពីការអនុវត្តដោយរលូននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥៕
