មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក កំពុងបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការផ្ទុះឡើងនូវជំងឺអេបូឡាដែលកំពុងបន្តមាន នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកការផ្ទុះឡើងនេះថា ជាគ្រាអាសន្នសុខភាពសាធារណៈ។

កាលពីថ្ងៃអាទិត្យ (ទី១៧ ខែឧសភា ឆ្នាំ២០២៦) លោកវេជ្ជបណ្ឌិត Satish Pillai អ្នកគ្រប់គ្រងការឆ្លើយហេតុការណ៍ផ្ទុះជំងឺអេបូឡារបស់ CDC បាននិយាយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា ទីភ្នាក់ងារនេះមានគម្រោងដាក់ពង្រាយបុគ្គលិកបន្ថែមទៅកាន់ប្រទេសដែលរងផលប៉ះពាល់ ហើយនឹងផ្តល់ការគាំទ្របច្ចេកទេស រួមទាំងការធ្វើតេស្តមន្ទីរពិសោធន៍ ការតាមដានទំនាក់ទំនង និងការឃ្លាំមើលតាមរយៈការិយាល័យប្រទេសរបស់ខ្លួន។ ស្ងាន័នក៏បានធ្វើឲ្យមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់របស់ខ្លួនដំណើរការផងដែរ។
លោកវេជ្ជបណ្ឌិត Pillai បាននិយាយថា៖ «ហានិភ័យ នៅសហរដ្ឋអាមេរិក នៅតែមានកម្រិតទាបដដែល»។ ការផ្ទុះឡើងនូវជំងឺនេះបណ្តាលមកពីប្រភេទវីរុសអេបូឡា Bundibugyo ហើយមិនមានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនៅឡើយទេ។ លោក Pillai បានបន្ថែមថា អ្នកដែលឆ្លង អាចចម្លងជំងឺអេបូឡានៅពេលដែលពួកគេចេញរោគសញ្ញា។
គួរបញ្ជាក់ថា វិធានការទាំងនេះកើតឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនូវជំងឺអេបូឡាជាគ្រាអាសន្នសុខភាពសាធារណៈ ដែលជាក្ដីបារម្ភអន្តរជាតិ កាលពីថ្ងៃទី១៧ ខែឧសភា ដោយមិនប្រកាសជា «ភាពអាសន្នខ្លាំងបំផុតនៃការរាតត្បាត» ឡើយ ខណៈពេលដែលខ្លួនកំពុងសម្លឹងដល់ការកៀរគរការគាំទ្រប្រឆាំងនឹងប្រភេទវីរុសដ៏កម្រនេះ។ WHO បានបន្ថែមថា វីរុសនេះទំនងជាបានរីករាលដាលដោយមិនមានការរកឃើញនៅក្នុងតំបន់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
យោងតាម WHO បានឲ្យដឹងថា ប្រទេសកុងហ្គោបានរាយការណ៍ពីករណីឆ្លងចំនួន ៨ករណី សង្ស័យឆ្លងចំនួន ២៤៦ករណី និងសង្ស័យមានអ្នកស្លាប់ដោយជំងឺនេះចំនួន ៨០នាក់ នៅក្នុងខេត្ត Ituri។ អ៊ូហ្គង់ដាបានកត់ត្រាការឆ្លងចំនួន ២ករណី និងស្លាប់ម្នាក់ក្នុងចំណោមអ្នកធ្វើដំណើរមកពីកុងហ្គោ។ CDC មិនបានបញ្ជាក់ថា តើជនជាតិអាមេរិកនៅកុងហ្គោ បានប៉ះពាល់នឹងវីរុសនេះដែរ ឬអត់ឡើយ៕

