កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនស៊ីវិលអ៊ីស្រាអែល ១០នាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកគេបានឆ្លងកាត់ព្រំដែនស៊ីរី។ នេះបើយោងតាមកាសែត Jerusalem Post។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបាននិយាយថា ទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល ( IDF) ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ បានបញ្ជូនជនស៊ីវិលទាំងនោះពីទឹកដីស៊ីរី ទៅអ៊ីស្រាអែលវិញ មុនពេលបញ្ជូនពួកគេទៅឲ្យនគរបាលអ៊ីស្រាអែល។

យោធាបាននិយាយថា៖«IDF ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឧប្បត្តិហេតុនេះ និងសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងររបស់វា ជាបទល្មើសព្រហ្មទណ្ឌដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងទាហាន IDF»។
ប្រភពព័ត៌មានអ៊ីស្រាអែលមួយបានរាយការណ៍ថា នេះគឺជាលើកទី ៤ហើយ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ ដែលជនសកម្មជនមកពីក្រុម «Habashan Pioneers» បានព្យាយាមឆ្លងកាត់ព្រំដែន។
ក្រុមនេះត្រូវបានគេរាយការណ៍ថា គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលកំពុងស្វែងរកការបង្កើតការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅក្នុងប្រទេសស៊ីរី៕
