នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ និយាយថា ប៉ាណូសម័យសង្រ្គាម បាននាំមកនូវកម្លាំងចិត្ត និងការលើកទឹកចិត្តដល់ពួកគេ ។
លោក Farhad Atashfaraz គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ស្ថានភាពសម័យសង្រ្គាមបច្ចុប្បន្ន ប៉ាណូពិតជាផ្តល់កម្លាំងចិត្តដល់ពួកយើងខ្លាំងណាស់ ហើយលោកសប្បាយចិត្តពេលមើលឃើញបដាបែបនេះ ពិសេសប៉ាណូបែបចំអកដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
រយៈពេលជាង ៥សប្តាហ៍ក្រោយបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងជម្លោះដែលបានចូលជាធរមាន ការទាមទាររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហាក់នៅឃ្លាតគ្នាឆ្ងាយ បើទោះបីជាមានកិច្ចខិតខំការទូត ដើម្បីបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រឡើងវិញក៏ដោយ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោកសម្រាប់ប្រេង និងឧស្ម័ន ។
ទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យទីក្រុងតេអេរ៉ង់ រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយនិងដកចេញការគ្រប់គ្រងច្រកសមុទ្ររបស់ពួកគេ ខណៈអ៊ីរ៉ង់ទាមទារសំណងសម្រាប់ការខូចខាតដោយសារសង្រ្គាម បញ្ចប់ការបិទកំពង់ផែពីសំណាក់ទាហានជើងទឹកសហរដ្ឋអាមេរិក ហើយនិងបញ្ឈប់ការប្រយុទ្ធគ្នានៅជួរមុខទាំងអស់ រួមទាំងនៅប្រទេសលីបង់ ជាទីដែលអ៊ីស្រាអែលកំពុងធ្វើសង្រ្គាមជាមួយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ។
ពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មុនពេលសហរដ្ឋអាមេរិកផ្អាកការវាយប្រហាររបស់ពួកគេ កាលពីខែមុន ហើយនិងចាប់ផ្តើមបិទកំពង់ផែ របស់ទីក្រុងតេអេរ៉ង់ ៕

