នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំង និយាយថា ការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថា រុស្ស៊ីកំពុងពិចារណាការវាយប្រហារលើប្រទេសមាជិកអង្គការណាតូចេញពីប្រទេសបេឡារុស មិនសមទទួលបានការឆ្លើយតបពីរុស្ស៊ីនោះទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការចោទប្រកាន់បែបនេះ គឺជាការប៉ុនប៉ងមួយ ដើម្បីធ្វើឲ្យស្ថានភាពឡើងកម្តៅភាពតានតឹងតែប៉ុណ្ណោះ ។
គួរឲ្យដឹងថា លោក Zelenskiy និយាយថា រុស្ស៊ីកំពុងព្យាយាមអូសទាញបេឡារុសឲ្យធ្លាក់កាន់តែជ្រៅទៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយនិងពិចារណាផែនការវាយប្រហារភាគខាងជើងអ៊ុយក្រែន ឬប្រទេសសមាជិកអង្គការណាតូ ចេញពីទឹកដីបេឡារុស ។
លោកថា អ៊ុយក្រែនបានដឹងពីទំនាក់ទំនងបន្ថែមទៀតរវាងរុស្ស៊ី និងប្រធានាធិបតីបេឡារុសលោក Lukashenko ដើម្បីបញ្ចុះបញ្ចូលលោកឲ្យចូលរួមប្រតិបត្តិការឈ្លានរបស់ពួកគេ ។
បេឡារុសមានព្រំដែនជាប់ជាមួយប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដែលជាសមាជិកអង្គការណាតូ នៅភាគខាងជើង និងភាគខាងលិច ហើយអ៊ុយក្រែននៅភាគខាងត្បូង ។
លោក Lukashenko ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អនុញ្ញាតឲ្យទឹកដីប្រទេសរបស់លោកប្រើប្រាស់ជាផ្នែកមួយនៃកាវាយលុកពេញបន្ទុកកាលពីឆ្នាំ ២០២២របស់រុស្ស៊ី លើប្រទេសជិតខាងតូចតាចជាងខ្លួន បើទោះបីជារូបលោកមិនបានបញ្ជូនទាហានបេឡារុសឲ្យចូលរួមប្រយុទ្ធនៅទីនោះក៏ដោយ ។
ចាប់តាំងពីពេលនោះមក ទីក្រុង Minsk បានយល់ព្រមឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករុស្ស៊ី និងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ីលើទឹកដីរបស់ខ្លួន ៕
