មន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់កោះតៃវ៉ាន់ និយាយនៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់ នឹងគិតគូរពីការជជែកគ្នាតាមទូរស័ព្ទដោយផ្ទាល់រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំអាជ្ញាធរកោះតៃវ៉ាន់លោក Lai Ching-te នៅក្នុងឱកាសដ៏ល្អ និងកម្រមួយ ស្របពេលដែលទីក្រុងតៃប៉ិ ព្យាយាមធ្វើឲ្យលែងមានក្តីបារម្ភចំពោះសេចក្តីអត្ថាធិប្បាយរបស់លោក Trump បន្ទាប់ពីជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីចិនលោក Xi Jinping ។

លោក Trump និងលោក Xi បានពិភាក្សាលើបញ្ហាកោះតៃវ៉ាន់ នៅជំនួបកំពូលក្នុងទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ក្នុងនោះលោក Xi បានព្រមានពីជម្លោះ បើសិនជាបញ្ហា ពុំត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេនោះ ។
លោក Trump បានធ្វើការប្រកាសខុសប្លែកគ្នាជាច្រើនពីកោះតៃវ៉ាន់ រួមទាំងរូបលោកអះអាងថា លោកមិនទាន់សម្រេចចិត្តនោះទេចំពោះការលក់អាវុធថ្មី ហើយនិងការលើកឡើងថា លោកអាចនឹងនិយាយជាមួយលោក Lai ហើយសហរដ្ឋអាមេរិកនឹងមិនឲ្យនរណាម្នាក់និយាយថា “តោះយើងទទួលបានឯករាជ្យ”នោះទេ ។
សូមបញ្ជាក់ថា ការជជែកគ្នាដោយផ្ទាល់រវាងប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក នឹងមេដឹកនាំអាជ្ញាធរកោះតៃវ៉ាន់ ពុំធ្លាប់កើតមាននោះទេ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនផ្លាស់ការទទួលស្គាល់ការទូតមកកាន់ទីក្រុងប៉េកាំង ចេញពីទីក្រុងតៃប៉ិ កាលពីឆ្នាំ ១៩៧៩ ៕
