នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសអាល្លឺម៉ង់បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច ដោយសារសង្គ្រាម នៅអ៊ីរ៉ង់ និងការដាក់ច្រកសមុទ្រ Hormuz ឲ្យស្ថិតនៅក្នុងហ៊ុមព័ទ្ធ ដោយការលើកឡើងនេះកើតមានមុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ (G7) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
អធិការបតីរង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បាននិយាយមុនពេលចេញដំណើរទៅចូលរួមកិច្ចពិភាក្សាថា សង្គ្រាមនេះ គឺជា «ការគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក» ហើយកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ dpa បានដកស្រង់សម្តីរបស់លោក ដែលបាននិយាយថា អ្វីគ្រប់យ៉ាងត្រូវតែសម្រេចឲ្យបាន ដើម្បី «បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍» ធ្វើឲ្យតំបន់មានស្ថិរភាព និងធានាបាននូវសេរីភាពនៃការធ្វើចរាចរណ៍តាមផ្លូវសមុទ្រ ហើយ «ដើម្បីធ្វើដូច្នេះ ផ្លូវរបស់យើង ក្នុងនាមជាប្រទេសអឺរ៉ុប នៅតែច្បាស់លាស់ដដែល នោះគឺថា យើងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ជាងការប្រឈមមុខដាក់គ្នា» ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ អ្នកចូលរួមត្រូវបានគេរំពឹងថា នឹងផ្តោតលើផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះមជ្ឈិមបូព៌ា និងផលវិបាកដែលអាចកើតមាន ចំពោះពាណិជ្ជកម្មពិភពលោក។ ច្រកសមុទ្រ Hormuz នៅតែជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័ន៕

