ប្រធានាធិបតីចិនលោក Xi Jinping ដែលបានទទួលស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រសប្តាហ៍មុន និយាយថា ប្រទេសទាំង ២ បានជំរុញឲ្យមានភាពជាំដៃគូយុទ្ធសាស្រ្ត និងស្ថាបនាថ្មី ។
លោក Xi និយាយថា នេះអាចនិយាយបានថាជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ហើយពួកយើងបានឈានដល់ការយោគយល់គ្នាជាច្រើនលើលទ្ធផលសហប្រតិបត្តិការ ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំង រួមបញ្ចូលកិច្ចពិភាក្សាលើបញ្ហាធំៗជាច្រើនជាមួយប្រធានាធិបតីចិនលោក Xi Jinping ទាំងបញ្ហាកោះតៃវ៉ាន់ សង្រ្គាមអ៊ីរ៉ង់ និងបញ្ហាពាណិជ្ជកម្ម ប៉ុន្តែទទួលបានលទ្ធផលជាក់ស្តែងតិចតួចប៉ុណ្ណោះលើបញ្ហាសំខាន់ៗដែលបែងចែកប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ។
ពេលរូបលោកធ្វើដំណើរទៅដល់សេតវិមានវិញ លោក Trumpនិយាយថា វាគឺជាដំណើរទស្សកិច្ចប្រកបដោយជោគជ័យដ៏អស្ចារ្យមួយ ។ លោកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយ ត្រូវបានឈានដល់ ។
លោកនិយាយថា អ្វីទាំងអស់ដែលលោកអាចនិយាយបាន គឺជោគជ័យដ៏អស្ចារ្យមួយ ។ ពួកយើងបានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យ ពួកយើងពិតជាបានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យមែន ពួកយើងមាននូវទំនាក់ទំនងដ៏អស្ចារ្យ មាននូវរឿងច្រើនណាស់ថា បានកើតឡើងដែលអ្នកមិនធ្លាប់ឮ នោះគឺជាជោគជ័យដ៏អស្ចារ្យ ហើយលោកគិតថា វាពិតជាពេលវេលាជាប្រវត្តិសាស្រ្តមួយសម្រាប់សហរដ្ឋអាមេរិក និងចិន ។
សូមបញ្ជាក់ថា លោក Xi និងលោក Trump បានធ្វើដំណើរទៅកាន់សួនច្បារប្រវត្តិសាស្រ្ត Zhongnanhai ។ លោក Xi កត់សំគាល់ឃើញថា ដើមឈើនៅក្នុងសួនច្បារមួយនេះ មានអាយុកាលរាប់រយឆ្នាំ ហើយដើមឈើរខ្លះទៀតមានអាយុកាលរាប់ពាន់ឆ្នាំ ៕