វិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះថា ទំនាក់ទំនងណាមួយ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping នឹងបង្កើតសន្ទុះថ្មី សម្រាប់ការពង្រីកចំណងទាក់ទងទ្វេភាគីបន្ថែមទៀត។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីមាន «ការរំពឹងទុកខ្ពស់» ពីដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Putin ទៅកាន់ប្រទេសចិន ដែលចាប់ផ្តើមនៅថ្ងៃអង្គារស្អែកនេះ។
លោកបានបន្ថែមថា បញ្ហាទាំងអស់នៅក្នុងរបៀបវារៈសេដ្ឋកិច្ចនៃទំនាក់ទំនងទីក្រុងមូស្គូ-ប៉េកាំង ត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សាអំឡុងដំណើរទស្សនកិច្ចនេះ។ លោក Peskov បានសង្កត់ធ្ងន់ថា «ទំនាក់ទំនង រវាងរុស្ស៊ី និងចិន មានភាពចម្រុះណាស់» ដោយកិច្ចសហប្រតិបត្តិការបានផ្លាស់ប្តូរលើសពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច ទៅជាវេជ្ជសាស្ត្រ វប្បធម៌ និងការអប់រំ។
ជាមួយគ្នានេះ ដោយបានអត្ថាធិប្បាយពីសង្គ្រាម នៅអ៊ុយក្រែន លោក Peskov បាននិយាយថា វិមានក្រឹមឡាំងរំពឹងថា សហរដ្ឋអាមេរិក នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន ដើម្បីដោះស្រាយជម្លោះនេះ។ លោកបានបន្ថែមថា៖ «ដំណើរការសន្តិភាពបច្ចុប្បន្ន ត្រូវបានផ្អាក។ យើងសង្ឃឹមថា វានឹងចាប់ផ្ដើមឡើងវិញនៅទីបំផុត»។
ជាងនេះទៀត លោកបានឲ្យដឹងទៀតថា រុស្ស៊ីវាយប្រហារតែគោលដៅយោធា នៅអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងគីវថា បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទូទាំងប្រទេសរុស្ស៊ី។ ហើយលោកបានបដិសេធការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលថា រុស្ស៊ីកំពុងរៀបចំវាយប្រហារអ៊ុយក្រែន ឬប្រទេសសមាជិកអង្គការណាតូ៕