
សៀមរាប៖ សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន ២៤៣នាក់ ត្រូវបានលោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ "Promise Ceremony" នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប។
លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការចូលជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់ឱ្សសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។
លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បីក្លាយជាធនធាន ដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។
លោកស្រីបានថ្លែងអំណរគុណដល់សមាជិកា សមាជិកសកម្ម និងគាំទ្រ ដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា។
លោកស្រីបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត៕










