តម្លៃប្រេងបានហក់ឡើង ដែលជាថ្ងៃទី៣ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សម្ពាធលើអ៊ីរ៉ង់ជាថ្មី ឲ្យឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមជាច្រើនសប្តាហ៍ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ប្រេងឆៅម៉ាក Brent បានកើនឡើងជិត ១១០ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីបានហក់ឡើងបន្ថែមជិត ៨ភាគរយ កាលពីសប្តាហ៍មុន ខណៈដែលប្រេងម៉ាក West Texas Intermediate (WTI) បានឡើងលើសពី ១០៦ដុល្លារ ក្នុងមួយបារ៉ែល។ លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យថា «សម្រាប់អ៊ីរ៉ង់ ពេលវេលាគឺកាន់តែអស់ទៅហើយ ហើយពួកគេគួរតែចាត់វិធានការឲ្យបានលឿន ឬបើមិនដូច្នោះទេ នឹងពួគគេនឹងមិនមានអ្វីនៅសល់ទៀតឡើយ។ ពេលវេលាគឺជារឿងសំខាន់ណាស់!»។
ចំណែកអ៊ីរ៉ង់វិញ បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួនកំពុងបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ថា ទីក្រុងតេអេរ៉ង់ក៏បានទាក់ទងជាបន្តបន្ទាប់ជាមួយអូម៉ង់ ដើម្បីបង្កើតផ្លូវឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz។
គួរបញ្ជាក់ថា តម្លៃប្រេងបានកើនឡើងជាង ៥០ភាគរយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ជាលើកដំបូង កាលពីចុងខែកុម្ភៈ ដោយធ្វើឲ្យលំហូរតាមរយៈច្រកសមុទ្រ Hormuz ថយចុះ ដែលនាំឲ្យការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតឈូងសមុទ្រអារ៉ាប់ធ្លាក់ចុះ។
ក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកដ៏ធំ Morgan Stanley បានឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារកំពុងមាន « ពេលវេលាតិចតួចណាស់» ដោយសារកត្តាទប់ការឡើងថ្លៃ ដោយសារសង្គ្រាម ទំនងស្ថិតនៅក្រោមភាពតានតឹង ប្រសិនបើផ្លូវទឹកដ៏សំខាន់នៅតែបិទរហូតដល់ខែមិថុនា៕