ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកបន្តពង្រឹងសមត្ថភាពការពារជាតិ ស្របពេលស្ថានភាពភូមិសាស្រ្តនយោបាយពុំច្បាស់លាស់ ខណៈដែលលោកបានប្រគល់ជាផ្លូវការនូវយន្តហោះចម្បាំង Rafale ៦គ្រឿង និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតដល់កងទ័ពអាកាសឥណ្ឌូនេស៊ី ។
ឥណ្ឌូនេស៊ីទទួលបានយន្តហោះចម្បាំង Rafale ៣គ្រឿង កាលពីខែមករា ឆ្នាំនេះ ហើយនិងទទួលបានយន្តហោះចម្បាំង Rafale ៣គ្រឿងទៀត អំឡុងពិធីនៅមូលដ្ឋានទ័ពអាកាស Halim Perdanakusumaនាថ្ងៃចន្ទនេះ ។
លោក Prabowo បានប្រោះទឹកផ្កាលើយន្តហោះចម្បាំងមួយគ្រឿង ដែលជានិមិត្តរូបមួយរបស់ឥណ្ឌូនេស៊ីសម្រាប់សំណាងល្អ និងការប្រសិទ្ធិពរ ក្រោយទទួលបានរបស់ថ្មី ។
លោក Prabowo និយាយនៅក្នុងសុន្ទរកថាថា យន្តហោះថ្មីនេះ គឺជាមធ្យោបាយមួយ ដើម្បីពង្រឹងការទប់ទល់ ស្របពេលភាពពុំច្បាស់លាស់សកល ខណៈរក្សាឥរិយាបថការពារជាតិឥណ្ឌូនេស៊ី ។
អតីតមេបញ្ជាការកងកងកម្លាំងពិសេសរូបនេះដែរ បានប្រគល់យន្តហោះ Dassault Falcon 8X ៤គ្រឿង យន្តហោះ Airbus A400M MRTT ១គ្រឿង ប្រព័ន្ធរ៉ាដា GM403 GCI មីស៊ីល Meteor BVR និងអាវុធវ័យឆ្លាត AASM Hammer ផងដែរដល់កងទ័ពអាកាសឥណ្ឌូនេស៊ី ៕