នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិ (UN) ជាស្នូល នៅតែមិនមានការផ្លាស់ប្តូរដដែល ដោយការលើកឡើងកើតមានក្នុងអំឡុងពេលមានជំនួបជាមួយអគ្គលេខាធិការ UN លោក Antonio Guterres នៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន។
សារព័ត៌មាន Jiji Press បានរាយការណ៍ថា លោក Guterres បានសរសើរកិច្ចប្រឹងប្រែងរបស់ជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយកត់សម្គាល់ថា អំណាចសីលធម៌របស់ប្រទេសនេះ គឺ «មានសារៈសំខាន់ខ្លាំងណាស់»។ ប្រមុខ UN កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃពុធ។
នៅព្រឹកថ្ងៃនេះ លោក Guterres បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយដែលមានចំណងជើងថា អបអរសាទរខួបលើកទី៧០ កិច្ចសហប្រតិបត្តិការជប៉ុន-UN ពិព័រណ៍ឆ្នាំ២០២៥ និងអនាគតនៃពហុភាគីនិយម ដែលអំឡុងពេលនោះលោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយមផងដែរ។
លោកបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធ្វើឲ្យពហុភាគីនិយម អាចមើលឃើញនៅក្នុងសកម្មភាព សម្រាប់ប្រជាជន ក៏ដូចជាសារៈសំខាន់នៃទំនាក់ទំនង ភាពជាដៃគូ និងការកំណត់អនាគត តាមរយៈការសហការបង្កើត។
លោក Guterres បានបន្ថែមថា៖ «អនាគតនៃពហុភាគីនិយម នឹងត្រូវបានធានាដោយភាពក្លាហាន កំណែទម្រង់ និងការផ្តល់ឲ្យ។ វានឹងតម្រូវឲ្យមានស្ថាប័នដែលឆ្លុះបញ្ចាំងពីពិភពលោកសព្វថ្ងៃនេះ មិនមែនពិភពលោកកាលពី ៨០ឆ្នាំមុននោះទេ។ វានឹងតម្រូវឲ្យមានហិរញ្ញប្បទានដែលត្រូវនឹងមហិច្ឆតា»៕