រុស្ស៊ី៖ យោងតាមរបាយការណ៍នានា ប្រទេសរុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា នឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។ របាយការណ៍ទាំងនោះបានរាយការណ៍ថា រុស្ស៊ីបានជូនកំណត់ទូតដោយចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា កំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្គ្រាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់កាដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Washington Post ការជូនកំណត់ទូតនោះបាននិយាយថា ប្រទេសរុស្ស៊ីបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ឲ្យបញ្ឈប់ការដឹកជញ្ជួនគ្រឿងសព្វាវុធដោយគ្មានទំនួលខុសត្រូវទៅឲ្យអ៊ុយក្រែន ដែលព្រមានពីផលវិបាកធ្ងន់ធ្ងរនឹងស្មានមិនដល់សម្រាប់សន្តិសុខតំបន់ និងអន្តរជាតិ។ អ្នកនាំពាក្យមួយរួបរបស់ក្រសួងការបរទេសអាមេរិក មិនអាចបញ្ជាក់ការឆ្លើយតបតាមផ្លូវការទូតណាមួយបានទេ ប៉ុន្តែបានបញ្ជាក់ច្បាស់ថា ពួកគេនឹងបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។ កំណត់ទូតនេះត្រូវបានបញ្ជូនទៅចំពេលរដ្ឋបាលលោក Biden ត្រៀមប្រកាសជំនួយជុំចុងក្រោយទៅកាន់អ៊ុយក្រែនជាកញ្ចប់ថវិកាចំនួន ៨០០លានដុល្លារអាមេរិកដែលមានប្រព័ន្ធអាវុធដែលមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សុខមាន