ភ្នំពេញ ៖ ក្រោយពីមានការរិះគនពីប្រជាពលរដ្ឋអំពីល្បែងស៊ីសងកត់ឆ្នោតវៀតណាមនៅ ម្ដុំខាងក្រោយប៉ុស្តិ៍នគរបាលផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរកាលពីពេលថ្មីៗនេះមក លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានបញ្ជាអោយ អោយលោកចៅសង្កាត់ក្នុងមូលដ្ឋានចុះទៅបង្ក្រាប បិទទីតាំងនិងណែនាំអោយបញ្ឈប់អាជីវកម្មកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្តទៀត។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង ១៥និង១៥នាទី នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១ នៅចំណុចទីតាំងផ្ទះលេខ២៨B ភូមិ ០៨ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ររាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមគរបានអោយដឹងថាក្នុងការចុះបិទទីតាំងនោះមាន កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរសង្កាត់ផ្សារដើមគរ បានណែនាំដល់ម្ចាស់ទីតាំងដែលមានឈ្មោះ មុត សុខជី ភេទស្រី អាយុ២៩ឆ្នាំ អោយបញ្ឈប់អាជីវកម្ម ឆ្នោតវៀតណាម ខុសច្បាប់បន្តទៀត ក្នុងករណីម្ចាស់ទីតាំងល្មើសនិងការណែនាំរបស់អាជ្ញាធរត្រូវប្រឈមចំពោះមុខច្បាប់៕អត្ថបទ៖ កុម្ភះ 






