ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួនជាង ៥លាន១៧ម៉ឺននាក់។
អំឡុងពេលឈប់សម្រាកចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ គឺថ្ងៃទី១ មានទេសចរដើរកំសាន្តទូទាំងប្រទេសចំនួន ៨៦២.៨៩៧នាក់ , សម្រាប់ថ្ងៃទី២មានចំនួន ១.៥៧៩.២៥១ នាក់ និងថ្ងៃទី៣មានចំនួន ២.១៤៨.១៧៨ នាក់ សរុប៣ថ្ងៃប្រមាណជាង៤លាននាក់។ ប៉ុន្តែដោយសារ១ថ្ងៃក្រោយចូលឆ្នាំចំថ្ងៃអាទិត្យទេសចរបន្តដើរលេងមួយថ្ងៃទៀតគឺថ្ងៃទី១៧ ខែមេសា មានទេសចរដើរកំសាន្តចំនួន ៥៨៥.៤២៨ នាក់ទៀត ធ្វើអោយរយៈពេល៤ថ្ងៃនេះ មានទេសចរទាំងជាតិនិងអន្តរជាតិក្នុងស្រុក ដើរកំសាន្តមានចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
-ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់, ខេត្តកំពង់ចាម ៥៤១.៩០០ នាក់, ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់,ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់,ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់,ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់,ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់,ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់,ខេត្តកំពត ២៨៤.៨៩៣ នាក់,ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់,រាជធានីភ្នំពេញ ២៤០.៤៦០ នាក់។
ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។
ឯកឧត្តម បន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។
ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។
តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។
ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់។
ក្នុងន័យនេះ តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ៕ អត្ថបទ៖ រក្សា






