ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងខិតខំប្រឹងប្រែងជម្នះឧបសគ្គ ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់ និងការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ បានបរាជ័យក្នុងការបញ្ចប់ការប្រយុទ្ធគ្នា។

ការអត្ថាធិប្បាយរបស់លោក Aoun បានកើតឡើង នៅពេលដែលកងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់ នៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធាមួយ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់នៅថ្ងៃទី១៧ ខែមេសាមក អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារ រុះរើអគារនិងរចនាសម្ព័ន្ធផ្សេងៗ និងចេញបញ្ជាជម្លៀសនៅភាគខាងត្បូងប្រទេសលីបង់ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
ក្រុមហេសបូឡាក៏បានបន្តប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងប្រទេសអ៊ីស្រាអែលផងដែរ៕