រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានថ្លែងថា ការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាបណ្ដោះអាសន្នលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី មានគោលបំណងធ្វើឲ្យទីផ្សារថាមពលសកលមានស្ថិរភាព។

ដោយធ្វើអត្ថាធិប្បាយអំពីការសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងការលើកលែងទណ្ឌកម្មរយៈពេល ៣០ថ្ងៃចំពោះការផ្គត់ផ្គង់ប្រេងដែលផ្ទុកលើនាវាពីប្រទេសរុស្ស៊ី ដើម្បីធានាថា ប្រទេសដែលងាយរងគ្រោះបំផុត» អាចទទួលបានថាមពល លោកបានកត់សម្គាល់នៅលើបណ្តាញសង្គម X ថា៖«អាជ្ញាប័ណ្ណទូទៅនេះ នឹងជួយធ្វើឲ្យទីផ្សារប្រេងឆៅពិតប្រាកដមានស្ថិរភាព និងធានាថា ប្រេងទៅដល់ប្រទេសដែលងាយរងគ្រោះបំផុតខាងថាមពល»។

លោក Bessent ជឿជាក់ថា៖«ការសម្រេចនេះក៏នឹងជួយបង្វែរការផ្គត់ផ្គង់ដែលមានស្រាប់ទៅកាន់ប្រទេសដែលត្រូវការបំផុត ដោយកាត់បន្ថយសមត្ថភាពរបស់ប្រទេសចិន ក្នុងការស្តុកទុកប្រេងដែលមានការបញ្ចុះតម្លៃ»។
នៅថ្ងៃទី១២ ខែមីនា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រតិបត្តិការដែលពាក់ព័ន្ធនឹងការលក់ប្រេង និងផលិតផលប្រេងកាតរបស់រុស្ស៊ីដែលផ្ទុកលើនាវាមុនកាលបរិច្ឆេទនោះ។ នៅថ្ងៃទី១៩ ខែមីនា ក្រសួងបានធ្វើបច្ចុប្បន្នភាពអាជ្ញាប័ណ្ណ ដោយបន្ថែមបទប្បញ្ញត្តិដែលហាមឃាត់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងតំបន់ជាច្រើននៃប្រទេសរុស្ស៊ី ក៏ដូចជាកូរ៉េខាងជើង និងគុយបា។ អាជ្ញាប័ណ្ណនោះ ផុតកំណត់នៅថ្ងៃទី១១ ខែមេសា។ នៅថ្ងៃទី១៧ ខែមេសា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណមួយផ្សេងទៀតដែលអនុញ្ញាតឲ្យរហូតដល់ថ្ងៃទី១៦ ខែឧសភា ប្រតិបត្តិការសម្រាប់ការលក់ ការដឹកជញ្ជូន និងការផ្ទុកផលិតផលប្រេង និងប្រេងកាតដើមកំណើតរុស្ស៊ីដែលផ្ទុកលើនាវាដឹកប្រេងមុនថ្ងៃទី១៧ ខែមេសា៕