សេចក្ដីស្នើចោទប្រកាន់ទម្លាក់តំណែងមេដឹកនាំតៃវ៉ាន់ លោក William Lai ឬ Lai Ching-te មិនទទួលបានជោគជ័យនោះទេ នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយដំណើរការនេះក្លាយជាការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងមេដឹកនាំជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញរបស់កោះនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

យោងតាមសារព័ត៌មាន Taipei Times បានឲ្យដឹងថា ញត្តិនេះមិនអាចទទួលបានសំឡេងភាគច្រើន ២ភាគ៣ ដែលត្រូវការនៅក្នុងអង្គនីតិបញ្ញត្តិ Yuan ដែលមាន ១១៣អាសនៈ ដោយមានសមាជិកសភាចំនួន ៥៦រូប បោះឆ្នោតគាំទ្រ និង ៥០រូប ប្រឆាំង។ សមាជិកសភា ៧រូប មិនបានផ្ដល់សំឡេងឆ្នោតនោះទេ។
ដំណើរការចោទប្រកាន់ទម្លាក់តំណែងនេះត្រូវបានចាប់ផ្តើមដោយគណបក្សប្រឆាំង Kuomintang (KMT) និងគណបក្សប្រជាជនតៃវ៉ាន់ (Taiwan People's Party) បន្ទាប់ពីមេដឹកនាំរងកោះតៃវ៉ាន់ លោក Cho Jung-tai បានបដិសេធមិនចុះហត្ថលេខាលើវិសោធនកម្មគាំទ្រដោយគណបក្សប្រឆាំង ទាក់ទងនឹងច្បាប់បែងចែកប្រាក់ចំណូលរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា គណបក្សប្រឆាំងបានប្រើប្រាស់សំឡេងរួមភាគច្រើនរបស់ពួកគេ នៅក្នុងសភា ដើម្បីចាប់ផ្តើមនីតិវិធីចោទប្រកាន់ទម្លាក់តំណែង ក្នុងខែធ្នូឆ្នាំមុន។ ការបោះឆ្នោតនេះបានកើតឡើង ១ថ្ងៃមុនខួបឆ្នាំទី២ នៃការកាន់តំណែងរបស់លោក Lai។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កោះតៃវ៉ាន់ ការចោទប្រកាន់ទម្លាក់តំណែងតម្រូវឲ្យមានការយល់ព្រមពីសមាជិកសភាយ៉ាងហោចណាស់ ៧៦រូប មុនពេលបញ្ជូនទៅតុលាការធម្មនុញ្ញ ដើម្បីធ្វើការពិនិត្យបន្ថែម៕

