ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) បាននិយាយថា លោកបានផ្អាកការវាយប្រហារដែលបានគ្រោងទុក លើអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានផ្ញើសំណើសន្តិភាពទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយលោកបានបញ្ជាក់ថា ឥឡូវនេះមាន «ឱកាសល្អណាស់» ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដែលកម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោកបាននិយាយថា មេដឹកនាំមកពីសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានស្នើសុំឲ្យលោកពន្យារពេលផែនការវាយប្រហារដោយយោធា លើអ៊ីរ៉ង់ ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែឧសភានេះ ដើម្បីអាចឲ្យការចរចាជាមួយទីក្រុងតេអេរ៉ង់បន្តដំណើរការ ខណៈដែលព្រមានថា សហរដ្ឋអាមេរិកនៅតែត្រៀម ដើម្បីចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយសម្រេចបានទេនោះ។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មានដែលបានប្រមូលផ្តុំគ្នា សម្រាប់ការប្រកាសតម្លៃឱសថ កាលពីថ្ងៃទី១៨ ខែឧសភា លោកបានប្រាប់ថា៖ «ហាក់ដូចជាមានឱកាសល្អណាស់ដែលពួកគេអាចដោះស្រាយអ្វីមួយបាន។ ប្រសិនបើយើងអាចធ្វើដូច្នេះបាន ដោយមិនចាំបាច់ទម្លាក់គ្រាប់បែកលើពួកគេ ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់»។

នៅព្រឹកថ្ងៃនោះ លោកបាននិយាយថា លោកបានផ្អាកការវាយប្រហារដែលបានគ្រោងទុក លើអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានផ្ញើសំណើសន្តិភាពថ្មីទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោកTrump បានឲ្យដឹងថា លោកបានណែនាំយោធាអាមេរិកថា «យើងនឹងមិនធ្វើការវាយប្រហារតាមការគ្រោងទុកលើអ៊ីរ៉ង់នៅថ្ងៃស្អែកនេះទេ ប៉ុន្តែបានណែនាំបន្ថែមទៀតឲ្យត្រៀមខ្លួនវាយប្រហារទ្រង់ទ្រាយធំពេញទំហឹងទៅលើអ៊ីរ៉ង់ភ្លាមៗ ក្នុងករណីដែលមិនអាចសម្រេចបានកិច្ចព្រមព្រៀងដែលអាចទទួលយកបាន»។
គួរបញ្ជាក់ថា ផែនការវាយប្រហារបែបនេះ មិនត្រូវបានប្រកាសឲ្យដឹងនៅមុននេះឡើយ។ ក្រោមសម្ពាធដើម្បីឲ្យឈានដល់កិច្ចព្រមព្រៀង ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ លោក Trump ធ្លាប់បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយជិតកើតឡើងហើយ ជុំវិញការបញ្ចប់សង្គ្រាម ហើយបានគំរាមកំហែងស្រដៀងគ្នានេះដែរថា នឹងវាយប្រហារយ៉ាងខ្លាំងក្លា លើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀងទេនោះ៕
