ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានលើកឡើងថា ប្រទេសរបស់លោកទំនងជាអាចមានការជាប់ពាក់ព័ន្ធក្នុងជម្លោះណាមួយដែលអាចកើតឡើង លើកោះតៃវ៉ាន់ ដោយសារតែភាពនៅកៀកគ្នា ដោយបញ្ជាក់ជាថ្មីនូវជំហរមួយដែលប្រឈមនឹងការធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ លោក Marcos បាននិយាយថា៖ «នៅក្នុងប្រទេសហ្វីលីពីន យើងមិនមានជម្រើសទេ ពីព្រោះកោះតៃវ៉ាន់នៅជិតហ្វីលីពីនខ្លាំងណាស់ ហើយយើងមានជនជាតិហ្វីលីពីនជិត ២០០.០០០នាក់រស់នៅ និងធ្វើការនៅកោះតៃវ៉ាន់»។

ការអត្ថាធិប្បាយរបស់មេដឹកនាំហ្វីលីពីនបែបនេះ បានកើតឡើងមុនពេលមានដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយ ជាកន្លែងដែលលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ។
នៅក្នុងបទសម្ភាស៍នោះ លោក Marcos បានបន្ថែមថា ហ្វីលីពីនមិនចង់ជាប់ពាក់ព័ន្ធក្នុងសង្គ្រាមណាមួយ នៅតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងនោះទេ ប៉ុន្តែនឹងត្រូវបង្ខំចិត្តធ្វើ ដោយសារតែភូមិសាស្ត្ររបស់ប្រទេស។
គួរបញ្ជាក់ថា លោក Marcos ធ្លាប់បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះកាលពីមុន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា នៅឆ្នាំ២០២៥ នៅពេលដែលលោកបាននិយាយថា សង្គ្រាមលើកោះតៃវ៉ាន់ «នឹងទាញឲ្យប្រទេសហ្វីលីពីនចូលទៅក្នុងជម្លោះនោះ»។
តែយ៉ាងណាក្ដី លោក Marcos បាននិយាយថា ប្រទេសហ្វីលីពីន ដែលមានជម្លោះទឹកដីជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនការចូលរួមរបស់ខ្លួនជាមួយចិន ដើម្បីជួយរក្សាសន្តិភាព៕
