យោងតាមប្រព័ន្ធផ្សព្វផ្សាយជាភាសាហេប្រឺ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក កាលពីថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) ដើម្បីពិភាក្សា អំពីលទ្ធភាពដែលអាចមានការប្រយុទ្ធគ្នាថ្មីជាមួយអ៊ីរ៉ង់។
សារព័ត៌មានចុះផ្សាយប្រចាំថ្ងៃ Israel Hayom បានឲ្យដឹងថា កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីលោក Netanyahu បានបើកការពិភាក្សាគណៈរដ្ឋមន្ត្រីស្រដៀងគ្នានេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីសម្របសម្រួល «ជំហានបន្ទាប់» ទាក់ទងនឹងអ៊ីរ៉ង់។
សារព័ត៌មាននេះ បានដកស្រង់ប្រភពមួយដែលដឹងពីការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដែលបាននិយាយថា ការវាយប្រហារថ្មីរបស់អាមេរិក លើអ៊ីរ៉ង់ គឺ «មិនមែនជាសំណួរថា តើកើតឡើង ឬអត់នោះទេ ប៉ុន្តែគឺនៅពេលណា»។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា ការវាយប្រហារដែលបានគ្រោងទុកណាមួយ នឹងខុសពីប្រតិបត្តិការមុនៗ ហើយអាចកំណត់គោលដៅទីតាំងដែលលោក Trump ធ្លាប់បានជៀសវាងមិនវាយប្រហារ។
សារព៏ត៌មាននេះ ក៏បានដកស្រង់ប្រភពសន្តិសុខអ៊ីស្រាអែលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានប្រាប់ថា ការរៀបចំ និងវិធានការ ត្រូវបានត្រៀមរួចហើយ សម្រាប់ការរំពឹងទុកពីការប្រយុទ្ធគ្នាជុំមួយទៀត ជាមួយអ៊ីរ៉ង់៕

