ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ បានបញ្ចប់ទៅ ដោយផ្ដល់នូវភាពសប្បាយរីករាយស្នាមញញឹម ជូនប្រជាពលរដ្ឋកម្ពុជា រាប់បញ្ចូលទាំងជនបរទេស ដែលដើរកំសាន្តក្នុងថ្ងៃនេះផងដែរ។
ជាក់ស្ដែងក្នុងកំឡុងថ្ងៃឈប់ម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យការដើរកំសាន្តជាច្រើនលាននាក់។
ការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យ ខណៈដែលភ្ញៀវទេសចរជាច្រើនលាននាក់បានធ្វើដំណើរកំសាន្ត ដោយបន្សល់ទុកនូវស្នាមញញឹម ភាពពេញចិត្ត សប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋ ខណៈដែលកម្ពុជាបានផ្អាកការរៀបចំពិធីនេះរយៈពេល២ឆ្នាំមកហើយ។
សម្រាប់ថ្ងៃចូលឆ្នាំកន្លងទៅនេះ លោក Andy មកពីប្រទេស Ethopia លើកឡើងថា ថ្ងៃចូលឆ្នាំខ្មែរ គឺលោកបានធ្វើដំណើរទៅលេងខេត្តសៀមរាប។ វាជាបទពិសោធន៍ដ៏អស្ចារ្យ ដែលផ្ដល់នូវភាពសប្បាយរីករាយជាខ្លាំងសម្រាប់គាត់។
ចំពោះប្រជាពលរដ្ឋកម្ពុជា ពួកគាត់ក៏លើកឡើងដែរថា ចូលឆ្នាំខ្មែរលើកនេះពិតជាសប្បាយខ្លាំង ដោយមានការជួបជុំ ការធ្វើដំណើរកំសាន្តជាច្រើន។ ពួកគាត់សូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ ដែលអនុញ្ញាតឱ្យមានការរៀបចំពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាពិសេសអរគុណចំពោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រោះបើគ្មានការចាក់វ៉ាក់សាំងបានទូលំទូលាយនោះទេ ច្បាស់ជាមិនអាចមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះទេ។
ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២២នេះ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំកម្មវិធីសង្រ្កាន្ត និងតុបតែងយ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏ស្របពេលដែលកម្ពុជា មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេលដែលកម្ពុជាសម្រេចជោគជ័យធំធេងលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ គឹមហុក