មេដឹកនាំរុស្ស៊ី និងចិន នឹងអនុម័តសេចក្តីប្រកាស ស្តីពីការបង្កើតពិភពលោកពហុប៉ូល ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ទីក្រុងប៉េកាំង។ នេះបើយោងតាមការឲ្យដឹងពីជំនួយការរបស់លោកទទួលបន្ទុកកិច្ចការអន្តរជាតិ គឺលោក Yury Ushakov កាលពីថ្ងៃចន្ទ (១៨ ខែឧសភា ឆ្នាំ២០២៦)។
អំឡុងពេលថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមូស្គូ លោក Ushakov បាននិយាយថា លោក Putin នឹងទៅដល់ទីក្រុងប៉េកាំង នាល្ងាចថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

លោកបានឲ្យដឹងទៀតថា៖ «ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមជាមួយនឹងពិធីស្វាគមន៍ជាផ្លូវការ នៅទីលានធានអានមិន (Tiananmen Square) ហើយបន្ទាប់មក មានកិច្ចពិភាក្សា រវាងលោក Putin និងលោក Xi ទាំងទម្រង់តូចចង្អៀត និងទូលំទូលាយ នៅមហាសាលប្រជាជនចិន»។
លោក Ushakov បានបន្ថែមថា មេដឹកនាំទាំង២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហា «សំខាន់ៗ និងរសើប» លើរបៀបវារៈទ្វេភាគី ខណៈដែលកិច្ចពិភាក្សាទម្រង់ទូលំទូលាយ នឹងរួមបញ្ចូលគណៈប្រតិភូរុស្ស៊ីចំនួន ៣៩រូប។
ក្នុងជំនួបនោះ លោក Putin និងលោក ស៊ី ក៏ត្រូវបានគេរំពឹងថា នឹងអនុម័តសេចក្តីប្រកាសរួម ស្តីពីការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល និងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ក៏ដូចជាសេចក្តីថ្លែងការណ៍រួមដាច់ដោយឡែកមួយ ស្តីពីការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្របន្ថែមទៀត។
ហើយជាមួយគ្នានេះ លោក Ushakov បានសង្កត់ធ្ងន់ថា មិនមាន «ពាក់ព័ន្ធគ្នា» ឡើយ រវាងដំណើរទស្សនកិច្ចរបស់លោក Putin និងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនទៅកាន់ប្រទេសចិនដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយលោកបានបញ្ជាក់ថា កាលបរិច្ឆេទ សម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានព្រមព្រៀងគ្នាភ្លាមៗ បន្ទាប់ពីលោក Putin និងលោក Xi បានធ្វើសន្និសីទវីដេអូកាលពីថ្ងៃទី៤ ខែកុម្ភៈ៕
