អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានព្រមាននៅថ្ងៃអង្គារនេះថា ជំនួយនៅស៊ូដង់ខាងត្បូង កំពុងត្រូវបាន «ប្រើប្រាស់ជាឧបករណ៍» សម្រាប់គោលបំណងយោធា និងនយោបាយ ទោះបីជាមានតម្រូវការមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះក៏ដោយ។
បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ ២០១១ ស៊ូដង់ខាងត្បូងបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយនៅតែជាប់គាំងក្នុងភាពក្រីក្រខ្លាំង អំពើពុករលួយ និងអសន្តិសុខ។

កងទ័ពរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Salva Kiir បានប៉ះទង្គិចគ្នាម្តងទៀតជាមួយកងជីវពលដែលមានសម្ព័ន្ធភាពជាមួយគូប្រជែងយូរអង្វែងរបស់ខ្លួនគឺ លោក Riek Machar ក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ដោយមានជម្លោះត្រូវបានរាយការណ៍នៅក្នុង ៧៣ នៃស្រុកចំនួន៧៩។ នេះបើយោងតាមក្រុមឃ្លាំមើល ACLED។
អង្គការ MSF បានព្រមានអំពី «និន្នាការគួរឲ្យព្រួយបារម្ភ»ដែលរារាំងជំនួយមនុស្សធម៌ និងជនស៊ីវិលមិនឲ្យចូលទៅដល់តំបន់ដែលមានជម្លោះ ឬគ្រប់គ្រងដោយក្រុមប្រឆាំង ហើយបាននិយាយថា គ្រប់ភាគីទាំងអស់ កំពុងប្រើប្រាស់ជំនួយសម្រាប់ «គោលបំណងយោធា និងនយោបាយ»៕
