នគរបាលអេស្ប៉ាញ បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះថា ពួកគេបានឃុំខ្លួនបុរសអាយុ ២៥ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ឪពុកម្តាយរបស់ខ្លួន និងធ្វើឲ្យមនុស្ស ៤នាក់ទៀតរងរបួស ក្នុងនោះរួមមានទាំងកូនប្រុសរបស់គេផងដែរ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នាពេលយប់ នៅទីក្រុង El Ejido ភាគខាងត្បូង ក្នុងខេត្ត Almeria។
កងកម្លាំង Guardia Civil បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសទាំង ៤នាក់ត្រូវនោះបានបញ្ជូនទៅមន្ទីរពេទ្យ ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រួមជាមួយកូនប្រុសរបស់ជនសង្ស័យ អ្នករងរបួស មានបុរសម្នាក់ ស្ត្រីម្នាក់ និងអនីតិជនម្នាក់ទៀត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការបាញ់ប្រហារនេះត្រូវបានរាយការណ៍ជាលើកដំបូង ក្រោយម៉ោង ១១យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២១ ម៉ោងកសល) កាលពីថ្ងៃចន្ទ។ អង្គភាពជំនាញបានចាប់ខ្លួនជនសង្ស័យ នៅម៉ោងប្រហែល ៤ព្រឹកថ្ងៃអង្គារ។
នគរបាលកំពុងស៊ើបអង្កេតពីមូលហេតុនាំឲ្យមានការបាញ់ប្រហារនេះ ដែលពួកគេនិយាយថា ដំបូងឡើយហាក់ដូចជាការមានអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាប្រភពដើមនៃអាវុធដែលជនល្មើសបានប្រើប្រាស់ ព្រោះជនសង្ស័យមិនមានអាជ្ញាប័ណ្ណកាន់កាប់កាំភ្លើងទេ៕

