បាត់ដំបង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានបញ្ចប់ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋដែលចេញដើរលេងកម្សាន្តបានជាង ១ ៥០០នាក់។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងកម្មវិធីសង្រ្កាន្ត បាត់ដំបង ចាប់ពីថ្ងៃទី ១៣-១៧ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានចំនួន ១ ៥៧៧នាក់ ។
ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកវត្ថុវិភាគកូវីដ១៩ លើប្រជាពលរដ្ឋចំនួន ៣៣៤នាក់ ក្នុងនោះបានរកឃើញវិជ្ជមានកូវីដ១៩ ត្រឹមតែ២នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង អាយុចាប់ពី១៨ឆ្នាំឡើងទៅជាង ២៦ ០០០នាក់ បានចាក់វ៉ាក់សាំងដូសជំរុញទី៤ ក្នុងចំណោមពលរដ្ឋគោលដៅជាង ៨០ម៉ឺននាក់។
ចំណែកកុមារ និងយុវវ័យ អាយុចាប់ពី៥ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណជិត ២០ម៉ឺននាក់បានចាក់ដូសជំរុញទី៣ ខណៈកុមារ អាយុចាប់ពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ ជិត១ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់៕





