យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានឃាត់ទុកនាវាចំនួនជាង ៤០គ្រឿង ពីក្នុងចំណោម ៥៤គ្រឿង ដែលចូលរួមក្នុងកងនាវាផ្ដល់ជំនួយ Global Sumud Flotilla ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ។
ហើយដោយសំអាងដល់ប្រភព ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ គេហទំព័រព័ត៌មានអ៊ីស្រាអែល Walla បានរាយការណ៍ថា កងទ័ពបានឃុំខ្លួនសកម្មជនប្រហែល ៣០០នាក់។ សារព័ត៌មាន Walla បានបន្ថែមថា កងទ័ពជើងទឹកអ៊ីស្រាអែល មិនទាន់បានស្ទាក់ចាប់នាវាទាំងអស់នោះទេ ហើយទូកជាច្រើនគ្រឿង នៅតែស្ថិតនៅក្នុងសមុទ្របើកចំហ។

កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារលើកងនាវាដែលដឹកជំនួយមនុស្សធម៌ នៅក្នុងដែនទឹកអន្តរជាតិ ដែលជំរុញឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ។
គួរបញ្ជាក់ថា ដោយមានការចូលរួមពីទូកចំនួន ៥៤គ្រឿង កងនាវាផ្ដល់ជំនួយនេះបានចេញដំណើរ កាលពីថ្ងៃព្រហស្បតិ៍ពីតំបន់ Marmaris របស់ប្រទេសទួរគី ដែលជាការប៉ុនប៉ងថ្មី ដើម្បីទម្លាយការបិទដោយខុសច្បាប់របស់អ៊ីស្រាអែល ដែលបានដាក់លើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧។
នេះមិនមែនជាឧប្បត្តិហេតុដំបូងដែលពាក់ព័ន្ធនឹងកងនាវាទាំងនេះនោះទេ។ កាលពីចុងខែមេសា កងទ័ពអ៊ីស្រាអែលបានវាយប្រហារទូករបស់កងនាវាផ្ដល់ជំនួយនេះ ក្នុងដែនទឹកអន្តរជាតិ នៅម្ដុំកោះ Crete របស់ប្រទេសក្រិក។ ក្បួននាវានាពេលនោះ រួមមានអ្នកចូលរួមចំនួន ៣៤៥នាក់ មកពី ៣៩ប្រទេស៕

