អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យទីក្រុងតេអេរ៉ង់វិលត្រឡប់ទៅកាន់តុចរចាជាមួយសហរដ្ឋអាមេរិកវិញ ដោយព្រមានថា ជម្លោះអូសបន្លាយ នឹងមានផលវិបាកធ្ងន់ធ្ងរ នៅទូទាំងតំបន់នេះ និងផ្សេងទៀត។
នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីស្វីស លោក Guy Parmelin នៅទីក្រុងប៊ែរឡាំង លោក Merz បានប្រាប់ថា៖ «អ៊ីរ៉ង់ត្រូវតែទៅកាន់តុចរចា។ ប្រទេសនេះត្រូវតែឈប់លលេងនឹងពេលវេលាទៀតទៅ»។ លោកបានសង្កត់ធ្ងន់ថា «អ៊ីរ៉ង់មិនត្រូវយកតំបន់ និងពិភពលោកទាំងមូលជាចំណាប់ខ្មាំងទៀតឡើយ»។
ការកត់សម្គាល់របស់លោកបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារយោធាដ៏ធំមួយ លើអ៊ីរ៉ង់ ដែលបានគ្រោងទុក នៅថ្ងៃអង្គារនេះ បន្ទាប់ពីការអំពាវនាវដោយផ្ទាល់ពីបណ្ដាមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE)។
តែលោក Trump បានបន្ថែមថា លោកបានណែនាំមន្ត្រីការពារជាតិ និងយោធាជាន់ខ្ពស់ឲ្យ «ត្រៀមខ្លួនជាស្រេច ដើម្បីបន្តការវាយប្រហារទ្រង់ទ្រាយធំទាំងស្រុងភ្លាមៗ លើអ៊ីរ៉ង់ ក្នុងករណីដែលកិច្ចព្រមព្រៀងអាចទទួលយកបាន មិនត្រូវបានឈានដល់ទេនោះ»។
ជាមួយគ្នានេះ លោកអធិការបតីអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលផ្តោតលើការនាំចេញ ដូចជាអាល្លឺម៉ង់ និងស្វីសជាដើម៕