នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី (SVR) បានអះអាងថា ប្រទេសអ៊ុយក្រែនកំពុងរៀបចំការវាយប្រហាររលកថ្មីដោយយានដ្រូន លើតំបន់ជាច្រើនរបស់រុស្ស៊ី ដោយប្រើប្រាស់ទឹកដីរបស់ឡាតវី ដើម្បីបើកប្រតិបត្តិការរបស់ខ្លួន។
យោងតាម SVR បានឲ្យដឹងថា «របបរបស់លោក Volodymyr Zelenskyy ប្តេជ្ញាបង្ហាញដល់អ្នកឧបត្ថម្ភមនោគមវិជ្ជា និងហិរញ្ញវត្ថុរបស់ខ្លួននៅអឺរ៉ុបថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរក្សាសក្តានុពលប្រយុទ្ធ និងសមត្ថភាព ក្នុងការបង្កការខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ី»។
ទីភ្នាក់ងារនេះបានចោទប្រកាន់ថា កងកម្លាំងអ៊ុយក្រែនមានគម្រោង មិនត្រឹមតែប្រើប្រាស់ច្រករបៀងផ្លូវអាកាសដែលផ្តល់ដោយរដ្ឋនៃតំប់បាល់ទិកពីមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាញ់បង្ហោះយានដ្រូនដោយផ្ទាល់ពីទឹកដីរបស់ប្រទេសទាំងនេះ ដើម្បីចំណេញពេលវេលាហោះហើរ និងបង្កើនប្រសិទ្ធភាពនៃការវាយប្រហារ។
ទីភ្នាក់ងារនេះ បានបន្ថែមថា «យោងតាមព័ត៌មានដែលទទួលបាន ទីក្រុងគីវមិនមានបំណងត្រឹមតែប្រើប្រាស់ច្រករបៀងផ្លូវអាកាសដែលប្រទេសបាល់ទិក បានផ្តល់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) ប៉ុណ្ណោះទេ។ យានដ្រូនក៏ត្រូវបានគ្រោងនឹងបាញ់បង្ហោះចេញពីទឹកដីនៃរដ្ឋទាំងនេះផងដែរ»។
ទីក្រុងមូស្គូក៏បានអះអាងផងដែរថា ប្រទេសឡាតវីបានយល់ព្រមគាំទ្រប្រតិបត្តិការនេះ ទោះបីជាមានក្ដីបារម្ភ អំពីលទ្ធភាពអាចមានការសងសឹកក៏ដោយ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា បុគ្គលិកអ៊ុយក្រែនមកពីកងកម្លាំងប្រព័ន្ធយានដ្រូនរបស់ប្រទេស ត្រូវបានដាក់ពង្រាយរួចហើយ ទៅកាន់មូលដ្ឋានយោធារបស់ឡាតវី ដែលរួមមាននៅតំបន់ Adazi, Selia, Lielvarde, Daugavpils និង Jekabpils៕

