នាថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ អេស្តូនី បានឲ្យដឹងថា យន្តហោះយោធា ១គ្រឿងរបស់អង្គការណាតូ (NATO) បានបាញ់ទម្លាក់យានដ្រូនដែលសង្ស័យថា ជារបស់អ៊ុយក្រែន នៅលើដែនដីរបស់ប្រទេសបាល់ទិកមួយនេះ ដោយនេះគឺជាការរំលោភដែនអាកាសជាបន្តបន្ទាប់ចុងក្រោយបំផុត នៅក្នុងតំបន់នេះ ក្នុងអំឡុងពេលមានការវាយប្រហារជាញឹកញាប់របស់អ៊ុយក្រែន លើរុស្ស៊ី។
ប្រទេសជិតខាងឡាតវី ក៏បានចេញការព្រមាន អំពីយានដ្រូនផងដែរ ដោយប្រាប់ប្រជាជននៅជិតព្រំដែនរុស្ស៊ីឲ្យស្នាក់នៅក្នុងផ្ទះ ដោយយន្តហោះនគរបាលអាកាសតំបន់បាល់ទិករបស់អង្គការណាតូ ត្រូវបានបញ្ចូនទៅកាន់តំបន់នោះ។ នេះបើតាមការឲ្យដឹងពីកងទ័ពឡាតវី។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយានដ្រូនរយៈចម្ងាយឆ្ងាយលើរុស្ស៊ី ក្នុងនោះរួមទាំងនៅជុំវិញតំបន់បាល់ទិកផងដែរ។
ចាប់តាំងពីខែមីនាមក យានដ្រូនយោធាអ៊ុយក្រែនជាច្រើនគ្រឿង បានហោះខុសគោលដៅចូលទៅក្នុងដែនអាកាសរបស់ប្រទេសសមាជិករបស់អង្គការណាតូ គឺហ្វាំងឡង់ ឡាតវី លីទុយអានី និងអេស្តូនី ដែលសុទ្ធតែជាប់ព្រំដែនជាមួយរុស្ស៊ី។ រដ្ឋាភិបាលឡាតវីកាលពីសប្តាហ៍មុនបានលាលែងពីតំណែងដោយសារតែការដោះស្រាយការលុកលុយរបស់យានដ្រូននេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី លោក Hanno Pevkur បាននិយាយថា យានដ្រូនសង្ស័យរបស់អ៊ុយក្រែន បានត្រូវបានបាញ់ទម្លាក់នៅថ្ងៃអង្គារនេះ ដោយយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសរ៉ូម៉ានី។ អង្គការណាតូមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែននឹងបញ្ជូនអ្នកជំនាញទៅឡាតវី ដើម្បីជួយការពារដែនអាកាសរបស់ប្រទេសនេះ៕