យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ បានព្រមានប្រជាជននៃទីក្រុង និងភូមិចំនួន ១២ នៅភាគខាងត្បូងនៃប្រទេសលីបង់ ឲ្យជម្លៀសចេញជាបន្ទាន់ មុនពេលអាចមានការវាយប្រហារ ប្រឆាំងនឹងក្រុមហេសបូឡា ដែលជាបទបញ្ជាចុងក្រោយបង្អស់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
អ្នកនាំពាក្យយោធាភាសាអារ៉ាប់ លោក Avichay Adraee បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ការបន្តរំលោភបំពានបទឈប់បាញ់របស់ក្រុមហេសបូឡា ជំរុញឲ្យ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) មានប្រតិបត្តិការប្រឆាំងនឹងក្រុមនេះ។ IDF មិនមានបំណងធ្វើបាបអ្នកទេ។ ដើម្បីសុវត្ថិភាពរបស់អ្នក យើងសូមអំពាវនាវឲ្យអ្នកនៅឲ្យឆ្ងាយពីតំបន់នោះ ហើយធ្វើដំណើរឲ្យបានចម្ងាយយ៉ាងហោចណាស់ ១.០០០ម៉ែត្រភ្លាមៗ»។
ចំណែកទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋលីបង់ បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលដែលផ្តោតលើទីតាំងជាច្រើននៅភាគខាងត្បូងនៃប្រទេសលីបង់ នៅថ្ងៃអង្គារ។
ទន្ទឹមនឹងនេះ ក្រុមហេសបូឡាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់គោលដៅការប្រមូលផ្តុំទាហាន និងយានយន្តនៅភាគខាងជើងអ៊ីស្រាអែល ដោយ «ការវាយប្រហារដោយហ្វូងយានដ្រូន»។ ក្រុមសកម្មប្រយុទ្ធដគាំទ្រដោយអ៊ីរ៉ង់មួយនេះ ក៏បានអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មីប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលដែលកំពុងប្រតិបត្តិការ នៅក្នុងទឹកដីលីបង់ផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមមានបទឈប់បាញ់ កាលពីថ្ងៃទី១៧ ខែមេសាមក អ៊ីស្រាអែល បានបន្តវាយប្រហារ អនុវត្តការកម្ទេចចោល និងចេញបញ្ជាជម្លៀស នៅភាគខាងត្បូងលីបង់ ដោយផ្ដល់ហេតុផលថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមហេសបូឡា ក៏បានបន្តប្រតិបត្តិការប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងភាគខាងជើងអ៊ីស្រាអែលផងដែរ៕