ភ្នំពេញ៖ អ្នកជំនាញទេសចរណ៍ ថ្លែងថា ការមានកំណើនភ្ញៀវទេសចរនេះ គឺបានធ្វើឲ្យបណ្តាអាជីវកម្មទេសចរណ៍ទទួលបានភាពកាក់កបច្រើនឡើងវិញ ខណៈអាជីវកម្មទាំងនោះ រងការប៉ះពាលខ្លាំងជាង ២ឆ្នាំកន្លងមកនេះ។
បើតាម លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមេសានេះថា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាលនេះ គ្រប់អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់គឺមានកម្រើកខ្លាំងឡើងវិញ និងសុទ្ធតែទទួលភ្ញៀវជាតិអន្តរជាតិ ចូលទទួលសេវាកម្មស្ទើរពេញៗ ហើយអាជីវកម្មទេសចរណ៍ដែលទទួលបានភាពកាក់កបរកចំណូលបានច្រើនជាងគេ គឺអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សេវាដឹកជញ្ជូនភ្ញៀវ និងមុខរបរលក់ដូរចំណីអាហាររបស់ប្រជាពលរដ្ឋ។ ដោយឡែកអាជីវកម្មការីទេសចរណ៍ក៏មានការកម្រើកដែរ តែមិនសូវមានភ្ញៀវច្រើននោះទេ។
លោក ធួន ស៊ីណាន បន្តថា សម្រាប់ទេសចរមកពីក្រៅប្រទេសវិញ សំគាល់ឃើញថា ក៏មានភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាច្រើនដែរ ប៉ុន្តែភាគច្រើនជាភ្ញៀវមានស្រាប់នៅក្នុងតំបន់អាស៊ាន ហើយការដើរកម្សាន្តរបស់គេភាគច្រើន មិនសូវមកទស្សនាកម្ពុជាតាមកញ្ចប់ទេសចរណ៍នោះទេ ដោយសារគេចង់ដើរលេងកម្សាន្តសប្បាយជាមួយពលរដ្ឋខ្មែរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំនោះដែរ។
សូមបញ្ជាក់ថា អំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗឡើងវិញក្នុងរយៈពេល៣ថ្ងៃ ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងពេលចូលឆ្នាំ៣ថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលការរាយការណ៍បឋមថា គ្រួសារមួយដែលមានគ្នា៥នាក់ ធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារដោយបានចាយទៅលើការស្នាក់នៅ ហូបចុក ធ្វើដំណើរ ចាក់សាំង រួមទាំងការទិញទំនិញផ្សេងៗរៀបចំរណ្តាប់បង្សុកូល និងចង្ហាន់ទៅវត្តផងដែរ៕ អត្ថបទ ស៊ុម សុខជា

