ការវាយប្រហារដោយយានដ្រូន នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ បានសម្លាប់មនុស្សយ៉ាងតិច ២៨នាក់ និងបណ្ដាលឲ្យ ២៣នាក់ផ្សេងទៀតរងរបួស នៅពេលដែលបានវាយប្រហារលើផ្សារមួយកន្លែង នៅប្រទេសស៊ូដង់។ នេះបើយោងតាមប្រភពពីផ្នែកសុខាភិបាល និងសាក្សីចំនួន ៣រូប ដែលបាននិយាយប្រាប់សារព័ត៌មាន AFP។
តំបន់ផ្សារនោះ ស្ថិតនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយកងកម្លាំងប៉ារ៉ា គឺ Ghubaysh នៅក្នុងខេត្ត West Kordofan។
សាក្សី ២នាក់បានប្រាប់ឲ្យដឹងថា យានដ្រូនបានវាយប្រហារចំភោជនីយដ្ឋានមួយ ដែលមានមនុស្សច្រើនកកកុញ នៅតំបន់ផ្សារដ៏សំខាន់របស់ទីក្រុង ដោយសន្មតថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយកងទ័ពស៊ូដង់ ដែលបានជាប់នៅក្នុងសង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) របស់យោធាប៉ារ៉ា ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។
ចំណែកសាក្សីម្នាក់ទៀត បានបញ្ជាក់ថា វាបានវាយប្រហារដំបូង លើរថយន្តរបស់ក្រុម RSF «បានសម្លាប់មនុស្ស ៣នាក់ដែលជិះនៅក្នុងនោះ និងបំផ្លាញរថយន្តនោះតែម្ដង មុនពេលយានដ្រូនវាយប្រហារភោជនីយដ្ឋាន»។ ប្រភពពីផ្នែកសុខាភិបាលបានប្រាប់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅទីក្រុង Ghubaysh៕