នៅថ្ងៃអង្គារនេះ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានបង្ហាញក្តីសង្ឃឹមរបស់លោកថា ប្រធានាធិបតីចិនលោក Xi Jinping នឹងប្រើប្រាស់ឥទ្ធិពលរបស់លោកលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលលោកមិនអាចឈ្នះបាន ។
លោក Merz និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អាល្លឺម៉ង់មិនរំពឹងថានឹងមានការផ្លាស់ប្តូរជាមូលដ្ឋាននោះទេ នៅក្នុងទំនាក់ទំនងយុទ្ធសាស្រ្តរវាងរុស្ស៊ី និងចិន ប៉ុន្តែទីក្រុងប៊ែរឡាំង នឹងតាមដានយ៉ាងដិតដល់ ចំពោះជំនួបរវាងប្រធានាធិបតីទាំង ២ នៅក្នុងទីក្រុងប៉េកាំង ។
លោក Putin និងលោក Xi ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើកិច្ចព្រមព្រៀងថាមពលថ្មី រួមទាំងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនាំឧស្ម័នពីឧបទ្វីប Yamal នៅតំបន់ស៊ីបេរីខាងលិចទៅកាន់ប្រទេសចិន ខណៈដែលចិននៅតែជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី ៕