អាជ្ញាធរនិយាយថា ភ្លៀងធ្លាក់ខ្លាំង នៅទូទាំងភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសចិន បានបង្កឲ្យមានទឹកជំនន់គ្រប់ទិសទី ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់ស្លាប់ ហើយសាលារៀន និងអាជីវកម្មត្រូវបានបិទ ខណៈរំខានដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពល ។
រូបភាពវីដេអូឃ្លីបរបស់សាក្សីនៅថ្ងៃអង្គារនេះ ឃើញរថយន្តមួយគ្រឿង ត្រូវបានទឹកហូរនាំយកទៅនៅខេត្ត Guizhou ប្រទេសចិន ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទឹកហូរប្រៀបច្រាំងទន្លេ Jian River ។
យោងតាមរូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមព័ត៌មានចិន Douyin ឃើញប្រជាជនជាច្រើនដើរលុកទឹកត្រឹមជង្គង់នៅក្នុងទីក្រុង Jingzhou ដែលជាទីក្រុងមួយ នៅភាគកណ្តាលខេត្ត Hubei ។ រថយន្តជាច្រើនគ្រឿង ស្ទើរតែលិចទឹកទាំងស្រុងនៅលើផ្លូវដែលហ៊ុព័ទ្ធដោយអគារលំនៅឋាន និងពាណិជ្ជកម្ម ។
មន្ទីរឧតុនិយមចិននិយាយថា តំបន់ជាច្រើន នៅក្នុងខេត្ត Jiangxi, Anhui, Hunan, Hubei, Guizhou, Guangxi, Guangdong និងខេត្ត Hainan ប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះមហន្តរាយទឹកភ្លៀង ក្នុងនោះរួមមានទាំងបំណាក់ដី ទឹកជំនន់យ៉ាងគំហក់ និងទឹកជំនន់ ។
ក្រុមអាជ្ញាធរបាននិយាយថា ការឆ្លើយតបបន្ទាន់ កំពុងចាប់ផ្ដើមនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាច្រើន ។
មន្ទីរឧតុនិយមចិននិយាយថា អាកាសធាតុធ្ងន់ធ្ងរ នឹងរំកិលបន្តិចម្តងៗពីភាគខាងកើត និងភាគខាងត្បូងប្រទេស ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ ។ ចាប់ពីថ្ងៃពុធតទៅ ភ្លៀងធ្លាក់ខ្លាំងបំផុត ត្រូវបានគេរមពឹងថា នឹងកើតមាន នៅតាមតំបន់ភាគកណ្តាលនៃទន្លេ Yangtze ៕