មន្រ្តីមួយរូបនិយាយថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនរថភ្លើងឥណ្ឌា បានកម្ទេចចោលផ្ទះអនាធិបតេយ្យនៅទីក្រុងម៉ុមបៃ បន្ទាប់ពីបទបញ្ជាពីតុលាការជាន់ខ្ពស់ម៉ុមបៃ ។
អ្នកស្រុកបានត្រឹមឈរមើលពីក្រៅផ្ទះរបស់ពួកគេ ពេលដែលគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះរបស់ពួកគេ នៅតំបន់ Garib Nagar ។
លោក Vineet Abhishek គឺជាមន្រ្តីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនរថភ្លើង Western Railway និយាយថា យោងតាមបទបញ្ជារបស់តុលាការជាន់ខ្ពស់ម៉ុមបៃ បានឲ្យដឹងថា ផ្ទះចំនួន ១០០ នឹងមិនត្រូវកម្ទេចចោលនោះទេ ប៉ុន្តែផ្ទះប្រហែល ៥០០ នឹងត្រូវតែឈូសឆាយកម្ទេចចោលជាបន្ទាន់ ។
ការឈូសឆាយកម្ទេចផ្ទះចោលនេះដែរ គឺជាផ្នែកមួយនៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធរថភ្លើង ហើយនិងគម្រោងអភិវឌ្ឍឡើងវិញ ពាក់ព័ន្ធនឹងច្រករបៀងផ្លូវរថភ្លើងធំជាងមុន ហើយនិងធ្វើឲ្យល្អប្រសើរឡើង ប្រតិបត្តិការផ្លូវរថភ្លើងជាយក្រុងនៅទីក្រុងម៉ុមបៃ ៕